(ព្យុងយ៉ាង)៖ ជំទាវទីមួយកូរ៉េខាងជើង លោកស្រី រី សូលជូ (Ri Sol Ju) ដែលតែងតែអមដំណើរស្វាមីរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ទៅកាន់កន្លែងនានានោះបានធ្វើឱ្យ សារព័ត៌មាននានានៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកស្រីបង្ហាញវត្តមានក្នុងកម្មវិធីធំៗ និងរំលេចចេញនូវរបៀបតែងខ្លួនយ៉ាងស្រស់ ស្អាតនៅអំឡុងពេលបំពេញទស្សនកិច្ច ក្នុងទីក្រុងប៉េកាំង និងនៅឯពិធីទទួលទានអាហារពេលល្ងាច ក្រោយជំនួបកំពូលអន្តរកូរ៉េកាលពីសប្ដាហ៍មុន ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
លោកស្រី Ri Sol Ju ក៏ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងចេញផ្សាយផងដែរថា ជាអ្នកបញ្ចុះបញ្ចូលឱ្យ លោក គីម ជុងអ៊ុន បន្ធូរ បន្ថយការរឹតត្បិតនៅក្នុងប្រទេស ជាពិសេសលើស្ត្រីកូរ៉េខាងជើង។ ប៉ុន្តែ មានមនុស្សតិចតួចណាស់ ដែលដឹងពីប្រវត្តិស្ត្រីទីមួយ កូរ៉េខាងជើងរូបនេះ ក្រៅតែមានការដឹងតែមួយគត់ថា លោកស្រីជាអតីតសិល្បៈការិនីមួយរូបនោះ។ តើ Ri Sol Ju គឺជានរណា?
អតីតសមាជិកក្រុមអ្នកលើកទឹកចិត្ត ក្រុមកីឡាករកូរ៉េខាងជើង យោងតាមលោក មៃខឺល ម៉េដដិន (Michael Madden) ជាអ្នកជំនាញម្នាក់ដែលចុះផ្សាយអត្ថបទ ពាក់ព័ន្ធនឹងមេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា លោកស្រី Ri Sol Ju កើតនៅឆ្នាំ១៩៨៤ នៅក្នុងទីក្រុងឆុងជីន (Chongjin) ជាទីក្រុងធំទីបីរបស់កុរ៉េខាងជើង ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ លោកស្រី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង ហើយលោកស្រីគឺជាចៅរបស់លោក រី ព្យុង ចុល (Ri Pyong Chol) ជាអតីតប្រមុខកងទ័ពអាកាសកូរ៉េខាងជើង (KPA) រីឯឪពុករបស់លោកស្រីក៏ជាមន្ត្រី (KPA) ដែរ។
កាលពីឆ្នាំ២០១២ សមាជិកសភាកូរ៉េខាងត្បូង លោក ជុង ជុងរ៉ៃ (Jung Chung-rai) បានប្រាប់ CNN ដោយផ្អែកលើប្រភពពីចារកម្មកូរ៉េខាងត្បូងថា លោកស្រី រី ធ្លាប់រៀននៅសាលាមធ្យមសិក្សាកម្រិត ២ គឿមសឿង (Geumseong) ក្នុងទីក្រុងព្យុងយ៉ាង មុននឹងទៅបន្តការសិក្សា ផ្នែកចម្រៀងនៅប្រទេសចិន។ លើសពីនេះទៅទៀត លោកស្រី ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ ក្នុងនាមជាសមាជិកក្រុមលើកទឹកចិត្តអត្តពលិកូរ៉េខាងជើង ក្នុងកម្មវិធីជើងឯកអត្តពលិកអាស៊ី រៀបចំឡើងក្នុងទីក្រុងអ៊ីនឈ័ន (Incheon)។
ដោយឡែក បើតាមចារកម្មកូរ៉េខាងត្បូង (NIS) លោកស្រី រី និងលោក គីម ជុងអ៊ុន មានកូនបីនាក់ ហើយមានតែកូនស្រីម្នាក់គត់ របស់អ្នកទាំងពីរត្រូវបានគេស្គាល់ឈ្មោះថា ជូ អេ (Ju Ae) តាមរយៈអតីតកីឡាករបាល់បោះអាមេរិក (NBA) លោក ឌែននីស រ៉ូដម៉ាន់ (Dennis Rodman) ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៣។ NIS ឱ្យដឹងទៀតថា លោក គីម និងលោកស្រី រី មានកូន ដំបូងនៅឆ្នាំ២០១០ ខណៈកូនទី ២ បានចាប់កំណើតនៅឆ្នាំ២០១៣ ក្នុងនោះកូនជាទីមួយជាកូនប្រុស និងកូនទីពីរជាកូនស្រី។ ចំណែកឯ ប៉ុន្មានឆ្នាំក្រោយមកទៀត កូរ៉េខាងត្បូងជឿជាក់ថា លោកស្រី រី ពពោះកូនទី ៣ ក្រោយបាត់មុខមិនបានបង្ហាញខ្លួនជាសាធារណៈ អស់មួយរយៈធំ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ មានមនុស្សតិចតួចណាស់បានដឹងពីប្រវត្តិរបស់លោកស្រី រី សូល ជូ (Ri Sol Ju) ហើយមាន សំណួមួយចំនួននៅតែមិនមានចម្លើយ ពាក់ព័ន្ធនឹងជំទាវទីមួយកូរ៉េខាងជើងរូបនេះ។ នៅពាក់កណ្ដាលឆ្នាំ២០១២ លោកស្រី រី ដែលគេដាក់ឈ្មោះឱ្យថា ជាស្ត្រីអាថ៌កំបាំង បានចាប់ផ្ដើមបង្ហាញខ្លួនជាសាធារណៈជាមួយលោក គីម ជុងអ៊ុន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបានប្រកាសពីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឡើយ រហូតដល់ខែកក្កដា ឆ្នាំ២០១២ ខណៈចារកម្មកូរ៉េខាងត្បូងជឿថា លោក គីម និងលោកស្រី រី បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៩ នៅពេលលោកស្រីរីមានអាយុ ២៣ឆ្នាំ។
លោកស្រី រី មិនមែនជាប្រពន្ធមេដឹកនាំកូរ៉េខាងជើងតែម្នាក់ ដែលពោរពេញដោយភាពអាថ៌កំបាំងនោះទេ។ ប្រពន្ធរបស់អតីតមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) និងលោក គីម អ៊ីលស៊ុង (ជីតាលោក គីម ជុងអ៊ុន) ក៏កម្រត្រូវបានសារព័ត៌មានកូរ៉េខាងជើង លើកឈ្មោះជាសាធារណៈដែរ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ គឺលោកស្រី រី គឺមានផ្ទុយគ្នាទាំងស្រុងពី អតីតជំទាវទីមួយកូរ៉េខាងជើងមុនៗ។ ជាក់ស្ដែងលោកស្រី តែងតែបង្ហាញវត្តមានជាមួយលោក គីម ជុងអ៊ុន ជាបន្តបន្ទាប់ ជាពិសេស នៅក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និងការចូលរួមទទួលទានអាហារពេលល្ងាច ក្រោយកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីសប្ដាហ៍មុននៅកូរ៉េខាងត្បូង។តាមរយៈជំនួបទាំងពីរនេះហើយ ដែលធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ពីភាពស៊ីវិល័យ និងរបៀបតែងខ្លួនយ៉ាងស្រស់ស្អាតរបស់ លោកស្រី រី រហូតដល់អ្នកជំនាញខ្លះចាត់ទុកថា លោកស្រី កំពុងធ្វើដំណើរលើផ្លូវទៅកាន់ «បុគ្គលល្បីមួយរូប» នៅក្នុងបរិបទដែលគេ ជឿជាក់ថា លោកស្រី គឺជាមនុស្សម្នាក់ដែលបានបញ្ចុះបញ្ចូលឱ្យស្វាមីរបស់ខ្លួន បន្ធូរបន្ថយការរឹតត្បិតក្នុងសង្គម និងលើស្រ្តីដែលពីមុនមកមិនធ្លាប់មាននោះឡើយនៅកូរ៉េខាងជើង៕
ប្រភព៖ CNN