(អាមេរិក)៖ នៅពេលយានអវកាស InSight Mars Lander របស់អង្គការ NASA ត្រូវគេបញ្ជូនទៅកាន់ភពព្រះអង្គារ (Mars) នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) វានឹងមិនធ្វើដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះតែម្នាក់ឯងឡើយ។ យានអវកាសខ្នាតតូចពីរគ្រឿង ដែលមានរហស្សនាមថា Wall-E និង Eva ជាតួអង្គឯងមនុស្សយន្តអវកាស ក្នុងខ្សែភាពយន្តគំនូវជីវចលបែប 3D ដ៏ល្បីកាលពីឆ្នាំ២០០៨ (បើអ្នកអត់ទាន់បានទស្សនាគួរតែឆែកមើលរឿងនេះ) នឹងរួមដំណើរជាមួយយាន InSight ក្នុងនាមជាយានតូចល្អិតដំបូងគេ ដែលមានឱកាសធ្វើដំណើរទៅកាន់ភពដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ផ្កាយរណបមួយគូខាងលើ គឺជាប្រភេទឧបករណ៍អវកាសធុនតូច ដែលមានសារៈប្រយោជន៍ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងវិស័យទំនាក់ទំនង ការតាមដានផ្នែកដឹកជញ្ជូន ឬការអង្កេតមើលភពផែនដីជាដើម ហើយរហូតមកដល់ពេលនេះ ផ្កាយរណបប្រភេទនេះ សុទ្ធតែនៅក្បែរភពរបស់យើងទាំងអស់។
ហេតុដូច្នេះហើយ ផ្កាយរណបប្រភេទ CubeSat ភ្លោះទាំងពីរខាងលើ ដែលមានឈ្មោះផ្លូវការថា Mars Cube One ហៅកាត់ MarCO នឹងជាយានដំបូងគេក្នុងចំណោមផ្កាយរណបប្រភេទពួកវា ដែលនឹងធ្វើដំណើរទៅកាន់ភពក្រហម ប្រចាំប្រព័ន្ធព្រះអាទិត្យរបស់យើង។ ពួកវានឹងធ្វើដំណើរនៅលើគ្រាប់រ៉ុក្កែត Atlas V ជាមួយយាន InSight ឆ្ពោះទៅក្នុងទីអវកាស ចេញពីមូលដ្ឋានយោធា Vandenberg ក្នុងរដ្ឋកាលីហ្វញ៉ា នៅអំឡុងបេសកកម្មឆ្លងភពនេះ។
គួរជម្រាបថា MarCO នឹងធ្វើដំណើរជាមួយ InSight រហូតដល់ភពអង្គារ ហើយផ្កាយរណបតូចៗទាំងពីរគ្រឿងនេះ នឹងបាញ់បញ្ជូនទិន្នន័យអំពីយាន InSight ត្រឡប់មកផែនដីវិញ នៅពេលដែលយានអវកាសនេះ ចុះចតជាន់ដល់ដីភព Mars ដោយជោគជ័យ។
យាន InSight Lander នឹងត្រូវបាញ់បង្ហោះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើដំណើរទៅកាន់ភពព្រះអង្គារ តាមការគ្រោងទុកយ៉ាងល្អិតល្អន់បំផុត ហើយបើគិតចាប់ពីពេលនេះទៅ គឺនៅសល់តែ ០៨សប្តាហ៍ទៀតប៉ុណ្ណោះ។ យាននេះនឹងប្រើគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន ULA ប្រភេទ Atlas V ដើម្បីរុញច្រានចេញពីតំបន់ឆ្នេរភាគខាងលិចអាមេរិក ដែលមិនធ្លាប់មាននោះឡើយពីមុនមកឡើយ។
គួរបញ្ជាក់ថា យានរុករកថ្មី InSight Lander នឹងមានតួនាទីក្នុងការសិក្សាអំពីស្រទាប់ក្នុង នៃភពអង្គារ តាមរយៈឧបករណ៍ពិសោធន៍ និងជីកគាស់ ដែលមាននៅក្នុងតួខ្លួនវាស្រាប់។ យាននេះនឹងទៅដល់ភពអង្គារ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការចុះចតយានលើផ្ទៃភពអង្គារ នឹងក្លាយជាក្តីរំភើបខ្លាំងបំផុត មិនខុសពីជំនាន់នៃការចុះចតយាន Phoenix, Mars Rover និង Curiosity នោះឡើយ ដោយគ្រប់គ្នារំពឹងថា នឹងប្រព្រឹត្តទៅដោយជោគជ័យបំផុត។
InSight Lander មានឧបករណ៍កំដៅដោយខ្លួន ដែលអាចទ្រាំទ្របរិស្ថានក្នុងផ្ទៃភពអង្គារ ជាមួយជម្រៅអតិបរមា ០៥ម៉ែត្រ ហើយនឹងសិក្សាអំពីចលនានៅក្នុងផ្ទៃដី របស់ភពអង្គារតែម្តង។ វានឹងសិក្សារកឲ្យឃើញថា តើផ្ទៃស្រទាប់ក្នុងរបស់ភពអង្គារ ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច ព្រមទាំងសមាសធាតុផ្សំរបស់វាផងដែរ៕