(បរទេស)៖ ការចំណាយលើកញ្ចប់ថវិកាយោធានៅលើពិភពលោក បានកើនឡើងកាលពីឆ្នាំ២០១៧ ដល់កម្រិតខ្ពស់មួយមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់បានបញ្ចប់ ខណៈសហរដ្ឋអាមេរិក ចិន និងអារ៉ាប៊ីសាអូឌីត ជាប់ឈ្មោះនៅលើគេក្នុងនាមជា ប្រទេសចាយលុយលើវិស័យយោធាច្រើនជាងគេបំផុត។ នេះបើតាម Stockholm International Peace Research Institute (SIPRI) ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមការសិក្សាស្រាវជ្រាវរបស់ SIPRI ចេញផ្សាយនៅថ្ងៃពុធនេះ ការចំណាយលើកញ្ចប់ថវិកាយោធាសកល មានរហូតដល់ទៅ ១.៧៣ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬកើនឡើង ១.១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៦។ បន្ថែមពីលើនេះ ការសិក្សាដដែលក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនៅតែឈរលេខរៀងទីមួយ ជាប្រទេសដែលបានចាយលុយច្រើនជាងគេដល់ទៅ ៦១០ពាន់លានដុល្លារ លើវិស័យយោធា ឬក៏ស្មើនឹង ៣៥ភាគរយ នៃកញ្ចប់ថវិកាយោធាសកល។ ចំណែកឯ ប្រទេសជាប់លេខពីរ គឺចិនដោយមានកញ្ចប់ថវិកាយោធា ២២៨ពាន់លានដុល្លារ តាមពីក្រោយដោយអារ៉ាសាអូឌីតមាន ៦៩.៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសមានកញ្ចប់ថវិកាយោធាច្រើនជាងគេទាំង ១០ នៅលើពិភពលោកកាលពីឆ្នាំ២០១៧៖
១៖ សហរដ្ឋអាមេរិក = ៦១០ពាន់លានដុល្លារ
២៖ ចិន = ២២៨ពាន់លានដុល្លារ
៣៖ អារ៉ាប៊ីសាអូឌីត = ៦៩.៤ពាន់លានដុល្លារ
៤៖ រុស្ស៊ី = ៦៦.៣ពាន់លានដុល្លារ
៥៖ ឥណ្ឌា = ៦៤ពាន់លានដុល្លារ
៦៖ បារាំង = ៥៧.៨ពាន់លានដុល្លារ
៧៖ អង់គ្លេស = ៤៧.២ពាន់លានដុល្លារ
៨៖ ជប៉ុន = ៤៥.៤ពាន់លានដុល្លារ
៩៖ អាល្លឺម៉ង់ = ៤៤.៣ពាន់លានដុល្លារ
១០៖ កូរ៉េខាងត្បូង = ៣៩.២ពាន់លានដុល្លារ៕