(ឡុងដ៍)៖ ក្រុមហ៊ុន Cambridge Analytica ជាទីភ្នាក់ងារពិគ្រោះយោបល់ផ្នែកនយោបាយ និងជាដើមចមនៃរឿងអាស្រូវលេចធ្លាយ ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបិទទា្វរអាជីវកម្មរបស់ខ្លួនហើយ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសនេះ ត្រូវបានគេចោទប្រកាន់ថា ទទួលបានព័ត៌មានឯកជនអ្នកប្រើប្រាស់ Facebook មិនត្រឹមត្រូវ រីឯ Facebook វិញក៏ត្រូវបានគេចោទផងដែរថា បណ្ដោយឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ព័ត៌មានឯកជនអ្នកប្រើប្រាស់តាមទំនើងចិត្ត។ យោងតាម Facebook ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ជាង ៨៧លាននាក់ បានបែកធ្លាយ ទៅដល់ដៃក្រុមហ៊ុនប្រឹក្សានយោបាយមួយនេះ យកទៅប្រើប្រាស់ដើម្បីស្ទាបស្ទង់ទឹកចិត្តប្រជាជនអាមេរិក នៅអំឡុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។
តែទោះជាយ៉ាងនេះក្ដី Facebook បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួននឹងនៅតែបន្តធ្វើឡើងដដែល។ «គ្មានអ្វីប្រែប្រួលឡើយ ចំពោះការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការកំណត់ពីភាពពិតជាក់ស្ដែងដែលបានកើតឡើង និងធ្វើឱ្យប្រាកដថា រឿងបែបនោះនឹងមិន កើតឡើងសាជាថ្មី... ដូច្នេះយើងនឹងបន្តការស៊ើបអង្កេតរបស់យើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច»។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Facebook។
គួរបញ្ជាក់ថា ក្រុមហ៊ុន Cambridge Analytica ត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ទិន្នន័យឯកជនអ្នកលេង Facebook រាប់ លាននាក់ក្នុងចេតនានយោបាយ ដើម្បីស្ទាបស្ទង់ពីទឹកចិត្តប្រជាជនអាមេរិក ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ និងការបោះឆ្នោតប្រជាមតិស្ដីពី Brexit ផងដែរ៕