(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា គ្មានមនុស្សណាម្នាក់នៅរស់រានមានជីវិតនោះទេ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះយោធាចំណាស់មួយគ្រឿង នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅជិតព្រលានយន្តហោះមួយកន្លែងក្នុងទីក្រុង សាវ៉ាន់ណាហ៍ (Savannah) នៃរដ្ឋហ្សកហ្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យឆ្មាំជាតិនៃដែនដីអាមេរិក ភឺតូរីកូ (Puerto Rico) លោក Paul ដាឡែន (Dahlen) យន្ដហោះយោធាដឹកជញ្ជូនធុន C-130 ជាកម្ម សិទ្ធិរបស់ឆ្មាំអាកាសជាតិនៃដែនដី Puerto Rico និងមានផ្ទុកយោធាអាមេរិកទាំងអស់ ០៩នាក់ បានធ្លាក់នៅម៉ោងប្រមាណជា ១១៖៣០នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់) នៅជិតព្រលានយន្តហោះមួយកន្លែងនាទីក្រុង Savannah រដ្ឋហ្សកហ្ស៊ី។
លើសពីនេះទៅទៀត អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ដែរថា គ្រោះថ្នាក់នេះផ្ដាច់ជីវិតនៅលើនោះទាំងអស់០៩នាក់។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរបញ្ជាក់ថា បើតាមលោក Paul Dahlen យន្ដហោះយោធាដឹកជញ្ជូនចំណាស់ខាងលើ បានធ្លាក់នៅអំឡុងពេលហោះហើរជាលើកចុងក្រោយរបស់ខ្លួន មុននឹងត្រូវដាក់ឱ្យចូលនិវត្តន៍៕