(ព្យុងយ៉ាង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើដំណើរទៅដល់ ប្រទេសកូរ៉េខាងជើងហើយ នៅថ្ងៃពុធនេះ, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក Wang Yi បាននឹងកំពុងបំពេញ ដំណើរទស្សនៈកិច្ចជាផ្លូវការ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បត្តិ៍ ស្របទៅតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho។
ដំណើរទស្សនៈកិច្ចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រមួយ រវាងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ហើយនឹងមុនពេល នៃគម្រោងកិច្ចប្រជុំកំពូល រវាងលោក Kim Jong Un និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួររំលឹកថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានធ្វើដំណើរទស្សនៈកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសចិន កាលពីចុងខែមីនាកន្លងទៅនេះ៕