(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការរក្សាវត្តមានយោធាអាមេរិកប្រចំាកូរ៉េខាងត្បូង (USFK) គឺពិតជាមានសារៈសំខាន់ បើទោះជាមានការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមរវាងកូរ៉េទាំងពីរក៏ដោយ។ នេះគឺជាការគូសបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង៕
២៖ បាតុករសរុបប្រមាណជាង ២០០នាក់ ត្រូវបានប៉ូលិសបារាំងចាប់ខ្លួន ដោយសារតែពួកគេបានបង្កបាតុភាពជាខ្លាំងដូចជាការ ដុតរថយន្ត យកដុំថ្មគប់បំបែកកញ្ចក់អគារសាធារណៈ គប់គ្រាប់បែកផ្សែង និងគប់ដុំថ្មដាក់ប៉ូលិសជាដើម នៅក្នុងការបាតុកម្ម កាលពីយប់ថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិនោះ៕
៣៖ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅភាគពាយ័ព្យ ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស នាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍)៕
៤៖ មន្រ្តីអាមេរិកម្នាក់បាននិយាយថា អ៊ីសា្រអែលហាក់ដូចជាកំពុងត្រៀមខ្លួនធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងកំពុងស្វែងរកការគំាទ្រពីសហរដ្ឋអាមេរិក៕
៥៖ រដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានប្រកាសដាក់ខ្លួនឯងចូលទៅក្នុងគ្រាអាសន្នហើយ បន្ទាប់ពីភ្លើងឆេះព្រៃក្នុងរដ្ឋនេះ កាន់តែរីករាលដាលខ្លាំងឡើង និងបានលេបត្របាក់ព្រៃឈើប្រមាណ ៤៦គីឡូម៉ែត្រក្រឡា បាត់ទៅហើយ៕
៦៖ គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារទីក្រុង ស៊ីសាក់ (Sisakht) ក្នុងខេត្ត កូជីលូយេ (Kohgiluye-Boyerahmad) ភាគខាងលិចប្រទេសអ៊ីរ៉ង់នាថ្ងៃពុធនេះ ដែលវាបានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន ៣១នាក់ បានរងរបួស៕