(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Kim Dong-yeon បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងពិចារណាលើការ ផ្ដល់ហិរញ្ញវត្ថុចំពោះគំរោងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង បើទោះជារាល់គំរោងទាំងអស់ជាមួយទីក្រុងព្យុងយ៉ាង ត្រូវការការយល់ព្រម ពីសហគមន៍អន្តរជាតិជាមុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីក្រុង Sejong នៅថ្ងៃពុធនេះ លោក Kim Dong-yeon បានលើកឡើងដូច្នេះថា «យើងកំពុងពិចារណាថា តើត្រូវធ្វើយ៉ាងណាដើម្បីអាចសហការជាមួយសហគមន៍អន្តរជាតិ ហើយតើត្រូវធ្វើដូចម្ដេច ទើបអាចផ្ដល់ហិរញ្ញវត្ថុដល់គំរោងអន្តរកូរ៉េ... ប៉ុន្តែយ៉ាងណា យើងនៅតែត្រូវការការអនុញ្ញាតពីសហគមន៍អន្តរជាតិ និងចាំបាច់ត្រូវរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជាមុនសិន»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង មិនបានបញ្ជាក់លម្អិតពីជំនួយហិរញ្ញវត្ថុរបស់ទីក្រុងសេអ៊ូលនោះទេ ខណៈបច្ចុប្បន្ន ទីក្រុងព្យុងយ៉ាង កំពុងជាប់ទណ្ឌកម្មអន្តរជាតិជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ ដូច្នេះរាល់គំរោង ឬក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ត្រូវទទួលបានការអនុញ្ញាតពីសហគមន៍អន្តរជាតិសិន៕