(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារទីក្រុង ស៊ីសាក់ (Sisakht) ក្នុងខេត្ត កូជីលូយេ (Kohgiluye-Boyerahmad) ភាគខាងលិចប្រទេសអ៊ីរ៉ង់នាថ្ងៃពុធនេះ ដែលវាបានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន ៣១នាក់ បានរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអ៊ីរ៉ង់ គ្រោះរញ្ជួយផែនដីខាងលើ ដែលមានជម្រៅ ០៨គីឡូម៉ែត្រក្រោមផ្ទៃដីបានវាយប្រហារចំក្រុង Sisakht ដែលស្ថិតនៅចម្ងាយប្រហែលជា ៧០០គីឡូម៉ែត្រពីរដ្ឋធានីតេហេរ៉ង់ និងមានចំនួនប្រជាជនរស់នៅប្រហែល ១០,០០០នាក់។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ ប្រជាពលរដ្ឋនៅទីក្រុង Sisakht បាននាំគ្នារត់ចេញមកទីវាលខាងក្រៅទាំងភ័យស្លន់ស្លោ។ ក្រៅពីមនុស្សរងរបួស ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ក៏ត្រូវបានគេរាយការណ៍ថា បានកើតមាននៅក្នុងទីក្រុងផងដែរ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះរញ្ជួយដីមួយកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារចំភូមិ និងក្រុងនៅក្នុងខេត្ត គឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគខាងលិចប្រទេសអ៊ីរ៉ង់ ទៅបណ្តោយព្រំដែននៃតំបន់ខ្ពង់រាបជាមួយប្រទេសអ៊ីរ៉ាក់ ដោយកាលនោះគ្រោះធម្មជាតិនេះ បានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ៦២០នាក់ និងបានបណ្តាលឲ្យរបួសរាប់ពាន់នាក់ផ្សេងទៀត៕