(ប៉ារីស)៖ នៅសម័យអ៊ីរ៉ង់ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេច ហ្សាហ៍ (Shah) ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មានភាពស្និទ្ធស្នាល នឹងគ្នាលើសពេលណាៗទាំងអស់ ដោយប្រជាជនជ្វីបអាចរស់នៅយ៉ាងសុខសាន្ត ជាពិសេសនៅក្នុងទីក្រុងតេហេរ៉ង់ផ្ទាល់តែម្តង។ ប៉ុន្តែអ្វីៗបានប្រែប្រួលក្រោយរបបរាជានិយម Shah គំាទ្រដោយសហរដ្ឋអាមេរិកដួលរលំ ដោយសារបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសទាំងពីរមើលឃើញគ្នាថា ជាសត្រូវដែលមិនអាចផ្សះផ្សារហូតមកទល់នឹងបច្ចុប្បន្ន។ តើហេតុអ្វីបានជាអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រែពីមិត្តមកជាសត្រូវសួពូជ?
បើតាមអ្នកជំនាញនយោបាយ ដូចជាលោក Ilan Greilsammer ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីសាកលវិទ្យាល័យ Bar-Ilan ក្នុងទីក្រុងតែអាវីល ប្រទេសអ៊ីរ៉ង់ដែលប្រតិបត្តិសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត និងប្រទេសអ៊ីស្រាអែល នោះមានសត្រូវរួមគ្នា គឺប្រទេសអារ៉ាប់កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី។ ចុះតើហេតុអ្វី បានប្រទេសទាំងពីរស្អប់គ្នាទៅវិញទៅមក? សម្រាប់អ្នកជំនាញរូបនេះ ប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា នៅមុនបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ហើយភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីសាធារណរដ្ឋអ៊ីរ៉ង់កាន់និកាយស៊ីអ៊ីត ត្រូវបានបង្កើតឡើងដោយមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតល់ឡោះ អាលីខាមីនី (Ayatollah Khomeini) កាលពីឆ្នាំ១៩៧៩។
អ៊ីរ៉ង់ក្រោមការដឹកនាំរបស់ អាយ៉ាតល់ឡោះ អាលីខាមីនី ត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកថា ជាសត្រូវរបស់មនុស្សជាតិ និងជាសភាវៈអាក្រក់។ លោក Greilsammer បានលើកឡើងហេតុផលសំខាន់ចំនួនបីដែលលោកយល់ថា ជាមូលហេតុធ្វើឱ្យ អ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់ផ្ដើមស្អប់គ្នាទៅវិញទៅមក។ មូលហេតុទំាងនោះមានដូចជា៖ ទីមួយ មេដឹកនាំកំពូលអ៊ីរ៉ង់គំាទ្រយ៉ាងពេញទំហឹង ដល់បុព្វហេតុរបស់ប៉ាឡេស្ទីន ឬអាចនិយាយបានថា អ៊ីរ៉ងចង់ដើរតួជំនួសអារ៉ាប់ក្នុងការការពារប៉ាឡេស្ទីន។ ទីពីរ អ៊ីរ៉ង់តែងតែព្រមានជារឿយៗថា នឹងលុបអ៊ីស្រាអែលចេញពីផែនទីពិភពលោក និងទីបីគឺការផ្ដួចផ្ដើមគំនិតស្អប់ជនជាតិជ្វីប ដោយទីក្រុងតេហេរ៉ង់ធ្លាប់បានរៀបចំសន្និសីទមួយ ដែលមានកម្មវត្ថុចម្បង បង្ហាញប្រាប់ពិភពលោកថា ការសម្លាប់រង្គាលជនជាតិជ្វីប ឬគេស្គាល់ថា Holocauste មិនបានកើតឡើងឡើយ ហើយថាវាគ្រាន់តែរឿងប្រឌិតរបស់អ៊ីស្រាអែលតែប៉ុណ្ណោះ។
តែទោះជាយ៉ាងនេះក្ដី ភាពជាសត្រូវនឹងគ្នារវាងប្រទេសទាំងពីរ កាន់តែផ្ទុះខ្លាំងឡើង ក្រោយអ៊ីស្រាអែល បានដឹកនាំការធ្វើសង្រ្គាមលើប្រទេសលីបង់ ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហេសប៊ូលឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ កាលពីឆ្នាំ២០០៦។ ដោយឡែកក្នុងពេលបច្ចុប្បន្ន ប្រទេសទាំងពីរក៏កំពុងមានជម្លោះផលប្រយោជន៍នឹងគ្នា កាន់តែខ្លាំងផងដែរ នៅក្នុងសង្រ្គាមស៊ីរី។ ជាក់ស្ដែងនៅឆ្នាំ២០១៨ នេះ អ៊ីស្រាអែលត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថា បានដឹកនាំការវាយប្រហារផ្លូវអាកាស លើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ និងក្រុមអ្នក ប្រយុទ្ធហេសប៊ូលឡានៅស៊ីរី។
លើសពីនេះទៅទៀត បើតាមសារព័ត៌មាន NBC ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា អ៊ីសា្រអែលកំពុងស្វែងរកការគំាទ្រពីសហរដ្ឋអាមេរិក ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ទំនងជានឹងមិនយល់ព្រមឡើយ ដ្បិតបើសង្រ្គាមនេះផ្ទុះឡើង រុស្ស៊ីមុខជានឹងចូលជួយអ៊ីរ៉ង់ និងស៊ីរី ដែលជាហេតុអាចនឹងនាំឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់ ហើយសង្គ្រាមដ៏នឹងរឹតតែក្តៅគគុកថែមទៀត៕
ប្រភព៖ La Liberte