(ឡូនអាន់ជែឡេស)៖ រដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានប្រកាសដាក់ខ្លួនឯងចូលទៅក្នុងគ្រាអាសន្នហើយ បន្ទាប់ពីភ្លើងឆេះព្រៃក្នុងរដ្ឋនេះ កាន់តែរីករាលដាលខ្លាំងឡើង និងបានលេបត្របាក់ព្រៃឈើប្រមាណ ៤៦គីឡូម៉ែត្រក្រឡា បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃខាងលើនេះត្រូវបានគេឲ្យឈ្មោះថា «ថាញដឺហ្វៃអឺ ឬ Tinder Fire» ដែលចាប់ផ្តើមតាំងតែពីទំនប់ទឹក Blue Ridge ដែលមានចម្ងាយ ៨៥០គីឡូម៉ែត្រ ពីភាគខាងកើតនៃទីក្រុងឡូសអាន់ជែឡេស ហើយបន្តកាន់តែខ្លាំងឡើងៗ គិតត្រឹមល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅភាគខាងលិចអាមេរិក)។
គួរបញ្ជាក់ថា ខ្យល់បោកបក់ក្នុងល្បឿន ៦៨គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាអ្នកជម្រុញឲ្យភ្លើងឆេះព្រៃកាន់តែបង្កើនឥទ្ធិពល និងរីករាលដាលខ្លាំងឡើងៗ ហើយផ្ទះប្រជាជនប្រមាណជាង ៣០ខ្នងផងដែរត្រូវបាន Tinder Fire ដុតកម្ទេចតែម្តង។ ក្រុមពន្លត់អគ្គីភ័យប្រមាណ ៥៥៩នាក់ ត្រូវបានបញ្ជូនទៅទប់ទល់ភ្លើងព្រៃ ខណៈឧទ្ធម្ភាគចក្រដឹកទឹកធុនធំ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជាឲ្យចេញប្រតិបត្តិការពន្លត់ភ្លើងព្រៃនេះយ៉ាងសស្រាក់សស្រាំ។
បើតាមការបញ្ជាក់ពីមន្ត្រីពន្លត់អគ្គីភ័យ ប្រចាំតំបន់ភាគខាងជើងរដ្ឋអារីហ្សូណា ដែលស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិកនោះ អគ្គីភ័យទំនងជាមិនងាយនឹងរលត់នោះឡើយ ព្រោះតែពេលនេះ អាកាសធាតុក្តៅស្ងួតកំពុងតែគ្របដណ្តប់ភាគខាងត្បូងសហរដ្ឋអាមេរិក ដូច្នេះទើបមានការប្រកាសអាសន្នកើតឡើង ដើម្បីឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ និងជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព៕