(ញូយ៉ក)៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានកត់សម្គាល់ថា ការបញ្ចប់ការរំលោភបំពានផ្លូវភេទ នៅក្នុងស្ថាប័នពិភពលោកមួយនេះ គឺជាអាទិភាពកំពូលមួយរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក Guterres ធ្វើឡើងនាឱកាសការប្រារព្ធ ទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ខែឧសភា។ ថ្លែងនាឱកាស នោះអគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្ដេជ្ញាចិត្តយ៉ាងខ្លាំង ដើម្បីធ្វើឱ្យប្រាកដថា យើងអាចលុបបំបាត់ ការរើសអើង ឬការរំលោភពានផ្លូវភេទ ក៏ដូចជាជំរុញផងដែរការធ្វើឱ្យសមភាពរវាងបុគ្គលិកបុរស និងស្ត្រី ដែលជាបុគ្គលិកអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរង អង្គការសហប្រជាជាតិលោក ហ្វារ៉ាន ហាក (Farhan Haq) លោកទទួលបានបណ្ដឹងចំនួន ៥៤ ពាក់ព័ន្ធនឹងការរើសអើង និងរំលោភបំពានផ្លូវភេទនៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ២០១៨នេះ នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ចំនួននេះគឺមាន ការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមាន ៤០ករណី៕