(ឡុងដ៍)៖ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយ នៅភាគពាយ័ព្យទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរទីក្រុងឡុងដ៍បុរសទាំងពីរនាក់ខាងលើ គឺត្រូវបានគេបាញ់ប្រហារ។ ប៉ូលិសអង់គ្លេស បានបើកការស៊ើបអង្កេតករណីឃាតកម្ម ក្រោយពីបុរសម្នាក់មានអាយុជាង ៣០ប្លាយ ត្រូវបានគេរកឃើញក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ នៅស្ថានីយរថភ្លើងក្រោមដី Queensbury Tube ជិតសង្កាត់ Edgware នៃទីក្រុងឡុងដ៍ ហើយបុរសរូបនោះក៏បានបាត់បង់ជីវិតនៅហ្នឹងកន្លែង។ ក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា បុរសម្នាក់ទៀតមានវ័យខ្ទង់ ២០ឆ្នាំ បានទៅដល់មន្ទីរពេទ្យមួយកន្លែងនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយមានរបួសពីគ្រាប់កាំភ្លើង។
ជុំវិញហេតុការណ៍នេះ អាជ្ញាធរកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយធ្វើការត្រួតពិនិត្យទៅលើឃ្លីបវីដេអូ របស់កាមេរ៉ាសុវត្ថិភាពនៅក្នុងតំបន់នោះ។ ដោយឡែក ការស្លាប់របស់បុរសវ័យខ្ទង់ ៣០ឆ្នាំខាងលើ បានធ្វើឲ្យចំនួនមនុស្សដែលបានបាត់បង់ជីវិត ដោយសារអំពើហិង្សាមនុស្សឃាតនៅក្នុងទីក្រុងឡុងដ៍កើនដល់ ៥៩នាក់ហើយ គិតចាប់តាំងពីដើមឆ្នាំ២០១៨ នេះមក៕