(ប៉ារីស)៖ បាតុករសរុបប្រមាណជាង ២០០នាក់ ត្រូវបានប៉ូលិសបារាំងចាប់ខ្លួន ដោយសារតែពួកគេបានបង្កបាតុភាពជាខ្លាំងដូចជាការ ដុតរថយន្ត យកដុំថ្មគប់បំបែកកញ្ចក់អគារសាធារណៈ គប់គ្រាប់បែកផ្សែង និងគប់ដុំថ្មដាក់ប៉ូលិសជាដើម នៅក្នុងការបាតុកម្មកាលពីយប់ថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent របស់អង់គ្លេស នារសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិសបារាំងក្នុងទីក្រុងប៉ារីស បានបង្ខំចិត្តប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទំនើងជាច្រើននាក់ ដែលបានគ្រវែងគ្រាប់បែកផ្សែង និងដុតបំផ្លាញរថយន្ដអស់ជាច្រើនគ្រឿង នៅក្នុងពេលពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងកម្មវិធីកំណែទម្រង់របស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Macron)។
យោងតាមប៉ូលិសបារាំង ក្រុមបាតុករពាក់ម៉ាស់បិទមុខជិត មានគ្នាជាង ១,២០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទ (ម៉ោងនៅបារំាង) ចំថ្ងៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា នៅឯស្ពាន ផុងដេអូស្ទែលីត (Pont d’Austerlitz) ស្ថិតនៅកណ្ដាលទីក្រុងប៉ារីស។ មុនការប៉ះទង្គិច ប៉ូលិសប្រាប់ឱ្យក្រុមបាតុករទាំងអស់បំបែកហ្វូងរបស់ពួកភ្លាម ប៉ុន្តែពួកគេមិនខ្វល់ឡើយ ហើយថែមទាំងបានគ្រវែងគ្រាប់បែកផ្សែង និងដុតបំផ្លាញរថយន្ដជាច្រើនគ្រឿង ជាហេតុបង្ខំឱ្យអាជ្ញាធរប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូង បាតុករទំនើងទាំងនេះ ព្រមទាំងឃាត់ខ្លួនបាត់ករទាំងនោះ។
គួរបញ្ជាក់ថា ក្រុមសហជីព និងក្រុមនិស្សិត បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះកំណែទម្រង់លើវិស័យការងារ និងអប់រំរបស់លោក ម៉ាក្រុង។ លើសពីនេះទៅទៀត ចាប់តាំងពីពាក់កណ្ដាលខែមេសាមក ក្រុមកម្មករផ្លូវដែក បាននាំគ្នាតវ៉ាប្រកបទៅដោយអារម្មណ៍ខឹងសម្បារជាខ្លាំង ទៅនឹងគំរោង កាត់បន្ថយការងារជាង ១២០,០០០កន្លែង៕