(អាមេរិក)៖ វាត្រូវការរយៈពេលចំនួន ៥១២ឆ្នាំ ដើម្បីអាចឲ្យភាគល្អិតពោរពេញដោយថាមពល ដែលគេហៅថា ហ្វូតុង (Photon) ធ្វើដំណើរពីផ្កាយណឺត្រុងនៅជិតបំផុតមកកាន់ផែនដី ហើយមានពួកវាមួយចំនួនតូចប៉ុណ្ណោះ ដែលឆ្លងផុតដំណើរដ៏វែងឆ្ងាយនេះ ប៉ុន្តែ Photon មានផ្ទុកនូវព័ត៌មានយ៉ាងសំខាន់ ក្នុងការដោះស្រាយសំណួរដ៏ពិបាកឆ្លើយបំផុតមួយ នៅក្នុងផែ្នករូបវិទ្យា-តារាសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ហ្វូតុងបានខ្ទាតចេញទៅក្នុងទីអវកាស ក្រោមទម្រង់ជាថាមពលកាំរស្មីអ៊ិចដ៏ក្តៅគគុក បានមកពីផ្ទៃនៃផ្កាយណឺត្រុង (ជាអ្វីដែលនៅសេសសល់ពីបន្ទុះសូភើណូវ៉ា ឬការស្លាប់នៃផ្កាយ ហើយប្រភេទតារានេះមានទំហំតូច ប៉ុន្តែមានកម្រាស់ក្រាស់ខ្លាំង និងវិលជុំវិញខ្លួនពួកវាក្នុងល្បឿនយ៉ាងល្បឿន)។
កាំរស្មីនេះបានរាយប៉ាយពាសពេញទីអវកាស ក្នុងអំឡុងពេលរាប់សតវត្សរ៍ ប៉ុន្តែយូរៗម្តង ចំណុចតូចមួយនៃពន្លឺកាំរស្មីអ៊ិច ដែលបានធ្វើដំណើរអស់ចម្ងាយ ៥១២ឆ្នាំពន្លឺ ក្នុងលំហអាកាស (ស្មើនឹងចម្ងាយរវាងផែនដី និងព្រះអាទិត្យចំនួន ៣២លានដង) នឹងបង្ហាញខ្លួននៅមុខកែវយឺតកាំរស្មីអ៊ិចរបស់ស្ថានីយអវកាសអន្តរជាតិ ISS ដែលមានឈ្មោះថា NICER។ ក្រោយមកទៀតនៅលើផែនដី នឹងមានលោតព័ត៌មានដែលបង្ហាញពីកម្រិតថាមពលរបស់ភាគល្អិត Photon នោះព្រមទាំងថេរវេលានៃការមកដល់របស់វា។
ព័ត៌មានសំខាន់ៗដូចខាងលើនេះ នាពេលប៉ុន្មានខែខាងមុខនឹងអាចផ្តល់ចម្លើយដល់សំណួរសាមញ្ញមួយ គឺតើ J0437-4715 ដែលជាផ្កាយណឺត្រុងនៅជិតផែនដីបំផុតនោះ មានមុខកាត់វែងប៉ុណ្ណា។ ប្រសិនបើអ្នកវិទ្យាសាស្រ្ត អាចគណនារកមុខកាត់របស់ផ្កាយណឺត្រុងមួយបាន វានឹងអាចចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកការដោះស្រាយអាថ៌កំបាំងដ៏អស្ចារ្យបំផុតមួយ នៃផ្នែកភាគល្អិតរូបវិទ្យានោះគឺ តើរូបធាតុនឹងមានប្រតិកម្មយ៉ាងដូចម្តេច នៅពេលត្រូវគេធ្វើឲ្យស្ថិតក្នុងកម្រិតដ៏ហាប់ណែនបំផុតនោះ?
តាមរយៈពេលការពិសោធន៍ជាច្រើននាពេលកន្លងមកនេះ ចម្ងល់ខាងលើពុំទាន់អាចត្រូវបកស្រាយបាននោះឡើយ ដោយសារតែដំណោះស្រាយនៃអាថ៌កំបាំងរបស់រូបធាតុដែលសែនហាប់ណែនបំផុត គឺនៅលាក់ទុកក្នុងវត្ថុដែលក្រាស់ៗបំផុតមួយចំនួនរបស់ចក្រវាឡ គឺផ្កាយណឺត្រុងនេះឯង ហើយអ្នកវិទ្យាសាស្រ្តនឹងអាចផ្តល់ចម្លើយៗបានភ្លាមៗ នៅពេលដែលពួកគេអាចធ្វើការវាស់វែងត្រឹមត្រូវឥតខ្ចោះ នៃមុខកាត់របស់ផ្កាយណឺត្រុង។
តារាណឺត្រុង គឺជាស្នូលដែលបន្សល់ទុកពីមហាព្រឹត្តិការណ៍បន្ទុះស៊ូភើណូវ៉ារបស់ពពួកផ្កាយមានម៉ាសធំៗ ប៉ុន្តែតារាប្រភេទនេះ ត្រូវបានគេជឿជាក់ថា ពុំមានទំហំធំជាងទីក្រុងខ្នាតមធ្យមមួយ នៅលើផែនដីឡើយ។ អ្វីដែលសំខាន់សម្រាប់អ្នកស្រាវជ្រាវនោះគឺថា ផ្កាយណឹត្រុងគឺជាវត្ថុក្រាស់ជាងគេបង្អស់ដែលគេដឹងនៅក្នុងចក្រវាឡនេះ ហើយមិនបានប្រែក្លាយទៅប្រហោងខ្មៅ ប៉ុន្តែពុំដូចប្រហោងខ្មៅឡើយ អ្នកវិទ្យាសាស្រ្តអាចធ្វើការស្វែងយល់ថា តើមានអ្វីកើតឡើងនៅក្នុងពួកវា ដោយតារាវិទូគ្រាន់តែត្រូវការដឹងឲ្យជាក់ច្បាស់ ពីប្រវែងមុខកាត់របស់ផ្កាយណឺត្រុងប៉ុណ្ណោះ៕