(អូទ្រីស)៖ ទីភ្នាក់ងារឃ្លាំងមើលថាមពលអាតូមិចអន្តរជាតិ របស់អង្គការសហប្រជាជាតិ IAEA បានចេញមុខធ្វើការគូសបញ្ជាក់ម្តងទៀតថា ពុំមានភស្តុតាងអាចឲ្យទុកចិត្តបានណាមួយ ត្រូវបានរកឃើញក្នុងប្រទេសអ៊ីរ៉ង់ ដែលបង្ហាញពីការលួចលាក់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនោះឡើយ បន្ទាប់ពីឆ្នាំ២០០៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ IAEA ត្រូវបានធ្វើឡើង ក្រោយពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញឯកសារមួយចំនួន ដែលលោកអះអាងថា ត្រូវបានប្រមែប្រមូលយកមកដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ពីកម្រងឯកសារសម្ងាត់ស្តីពីការលួចលាក់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោក Netanyahu បានលើកឡើងថា ឯកសារទាំងនោះអាចបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការអភិវឌ្ឍដោយសម្ងាត់ នូវអាវុធនុយក្លេអ៊ែរ។
គួរជម្រាបថា ទាក់ទិននឹងរឿងនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់លោក Netanyahu ហើយអ៊ីរ៉ង់បានតបវិញថា វាមានគោលដៅដើម្បីជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
សម្រាប់កិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន ០៦ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី ចិន បារាំង និងអាល្លឺម៉ង់ គឺមានទីភ្នាក់ងារ IAEA ជាអ្នកតាមដាន និងឃ្លាំមើលយ៉ាងដិតដល់៕