(ពិភពលោក)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននាពេលថ្មីៗនេះបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់ពិភពលោក ដោយកាលពីសប្តាហ៍មុន លោកបានប្រកាសថា នឹងបិទទីតាំង និងបញ្ឈប់ការបាញ់សាកល្បងទាំងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទីក។ ជាងនេះទៅទៀតនោះ លោកថែមបានឈានជើងឆ្លងកាត់បន្ទាត់ព្រំដែន ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើកិច្ចជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតី ម៉ូន ជែអ៊ីន ថែមទៀតផង។ ទីបំផុតមេដឹកនាំទាំងពីររូប បានប្រកាសប្រាប់ពិភពលោក ពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ។
នេះជារឿងគួរឱ្យកោតសរសើរ និងជាអ្វីដែលអន្តរជាតិរងចាំជាយូរណាស់មកហើយ ប៉ុន្តែអ្នកវិភាគនៅតែបង្ហាញភាពសង្ស័យថាតើនេះជាឆន្ទៈពិតប្រាកដ ឬយ៉ាងណា ព្រោះថាការលុបបំបាត់អាវុធនុយក្លេអ៊ែរ មិនមែនជារឿងងាយៗនោះទេ។
ប៉ុន្តែក្នុងស្ថានភាពនេះ ទោះបីមិនទាន់អាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបានភ្លាមៗទាំងស្រុង យ៉ាងហោចណាស់ការទប់ស្កាត់កូរ៉េខាងជើង កុំអោយបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ក៏ចាត់ទុកថាជារឿងជោគជ័យធំធេងផងដែរ តែវាទាមទារនូវវិធានការណ៍ច្បាស់លាស់សំខាន់ៗ៧ចំនុច ដូចខាងក្រោម៖
១៖ កសាងទំនុកចិត្តដល់កូរ៉េខាងជើង
ការប្រឹងប្រែងក្នុងការហាមឃាត់កូរ៉េខាងជើងតែម្យ៉ាង ពិតជាគ្មានប្រសិទ្ធភាពឡើយ វាក៏ទាមទារផងដែរនូវការកសាងទំនុកចិត្តពីសំណាក់អន្តរជាតិ។ ដូចដែលយើងបានដឹងហើយថា បញ្ហាអសន្តិសុខ និងការដួលរលំរបបកុម្មុយនីស គឺជាក្តីបារម្ភដ៏សំខាន់ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងខួរក្បាលមេដឹកនាំកូរ៉េខាងជើង។ មេដឹកនាំរូបនេះយល់ថា មានតែអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ដែលអាចធានាសុវត្ថិភាពនៃរបបដឹងនាំរបស់ខ្លួនបាន។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ពិតជាគ្មានថ្ងៃបញ្ឈប់ការបាញ់សាកល្បង និងលះបង់កម្មវិធីនុយក្លេអ៊ែរជាដាច់ខាត ដរាបមេដឹកនាំរូបនេះ នៅតែមានភាពសង្ស័យលើអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក ដែលតែងតែគំរាមកំហែងលើសន្តិសុខរបស់ខ្លួន។
ការលុបបំបាត់អាវុធនុយក្លេអ៊ែរជាគោលដៅស្នូល ប៉ុន្តែការកសាងទំនុកចិត្តសម្រាប់រដ្ឋាភិបាលផ្ដាច់ការមួយនេះ រឹតតែជារឿងដែលសំខាន់មិនអាចខ្វះបាន។ ហេតុនេះ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន គួរស្នើឱ្យមានកិច្ចពិភាក្សាណាមួយដើម្បីកំណត់លក្ខខណ្ឌក្នុងគោលដៅ កសាងទំនុកចិត្តប្រកបដោយភាពច្បាស់លាស់ ដើម្បីបង្កើនតម្លាភាព រវាងកងយោធាកូរ៉េខាងជើង និងយោធាសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត ដែលទាំងនេះសុទ្ធតែជាអ្វីដែលកូរ៉េខាងជើងចង់បានបំផុត។
២៖ ស្នើឱ្យកូរ៉េខាងជើងចុះហត្ថលេខាលើសន្ធិសញ្ញា «ហាមឃាត់ការបាញ់សាកល្បងនុយក្លេអ៊ែរ (CTBT)» មធ្យោបាយដែលលឿនបំផុតដែលអាចឆ្លុះបញ្ចាំង ពីជម្រៅចិត្តរបស់កូរ៉េខាងជើង គឺស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញា ហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលមានស្រាប់។
ថ្វីបើសន្ធិសញ្ញាហាមឃាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ (CTBT) នេះមិនទាន់ចូលជាធរមានពេញលេញក្តី ប៉ុន្តែកន្លងមកវាបានដើរតួនាទីក្នុងការឃ្លាំមើលស្ថានីយទំនើបៗ នៅជុំវិញពិភពលោក ហើយត្រៀមធ្វើអធិការកិច្ចនៅប្រទេសកូរ៉េខាងជើង។ ហេតុនេះ សេចក្តីសម្រេចចិត្តក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញានេះ ពិតជាអាចវាស់ស្ទង់ពីឆន្ទៈ មេដឹកនាំរដ្ឋមួយនេះបានយ៉ាងងាយ។
ចាប់តាំងពីសន្ធិសញ្ញានេះ បានបើកឱ្យចុះហត្ថលេខានៅឆ្នាំ១៩៩៦ រដ្ឋចំនួនបីនៅតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដូចជាឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង។ ប្រទេស ឥណ្ឌា និងប៉ាគីស្ថានបានធ្វើតេស្តសាកល្បងនៅឆ្នាំ១៩៩៨ ប៉ុន្តែបែរមកគោរពតាមសន្ធិសញ្ញានេះ ដោយផ្អាកការបាញ់សាល្បងចាប់តាំងពីពេលនោះមក។ ដោយឡែកកូរ៉េខាងជើងវិញ នៅតែបន្តសាកល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់ ក្នុងឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១៣ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។
សូមជម្រាបថា សន្ធិសញ្ញានេះនឹងមានលក្ខណៈស្របច្បាប់ពិតប្រាកដ ដរាបទាល់តែ រដ្ឋចំនួនប្រាំបីបានសច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ជាអកុសលរដ្ឋមួយចំនួនមិនទាន់ផ្ដល់សច្ចាប័ន ដោយសារចង់បន្តប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់ ដែលក្នុងនោះរួមមានកូរ៉េខាងជើង សហរដ្ឋអាមេរិក និងចិនផងដែរ។ ប្រសិនបើរដ្ឋសំខាន់ៗទាំងបីនេះ ចុះហត្ថលេខាលើសន្ធិសញ្ញាខាងលើ វាអាចផ្តល់ភាពគ្រប់គ្រាន់ក្នុងការបញ្ចប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបានទាំងស្រុង។
៣៖ ឈប់គំរាមកំហែងលើរបបកុម្មុយនីសរបស់កូរ៉េខាងជើង
ប្រសិនបើអន្តរជាតិ លោភលន់ប្រាថ្នាចង់ឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធផង លុបបំបាត់របបកុម្មុយនីសផង វាជារឿងពិបាកបន្តិច។ ដូចដែលយើងបានដឹងថា ការការពាររបបកុម្មុយនីស ជាមូលហេតុចម្បងដែលនំាឱ្យកូរ៉េខាងជើង ផលិតអាវុធនុយក្លេអ៊ែរដើម្បីទប់ទល់ការគំរាមកំហែង ពីពិភពលោក។ កុំភ្លេចថា មេដឹកនាំកូរ៉េខាងជើងផ្តោតសំខាន់ទៅលើរឿងមួយនេះ គឺការធ្វើឱ្យរបបកុម្មុយនីសបន្តមានជីវិតរស់ជាបន្តទៀត។
នេះហើយជាមូលហេតុជម្រុញឱ្យកូរ៉េខាងជើងត្រូវបង្ខំចិត្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយសូម្បីតែបង្អត់អាហារប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអាចបន្តធ្វើជារដ្ឋកុម្មុយនីស ដែលពឹងផ្អែកលើខ្លួនឯង បន្តគោលនយោបាយផ្តាច់ខ្លួនចេញពីពិភពលោក។
កូរ៉េខាងជើង បានរៀនសូត្រពីបទពិសោធន៍សហភាពសូវៀត ដែលធ្លាប់ជាមហាអំណាចកុម្មុយនីសពិភពលោក បែរជាត្រូវដួលរលំដោយសាររបបសេរី ហេតុនេះកូរ៉េខាងជើង យល់ថាមានអាវុធនុយក្លេអ៊ែរប៉ុណ្ណោះដែលទប់ទល់នឹងការគំរាមកំហែងទាំងនោះបាន។ វាគ្មានអ្វីចម្លែកនោះទេ ប្រសិនបើពិភពលោកអាចផ្ដល់ការធានា មិនប៉ះពាល់របបកុម្មុយនីសកូរ៉េខាងជើងនោះ កូរ៉េខាងជើង ច្បាស់ជាអាចពិចារណាបញ្ឈប់ការបាញ់សាកល្បងនុយក្លេអ៊ែរ ដោយគ្មានភាពអល់អែក។
៤៖ បញ្ឈប់សង្គ្រាមពាក្យសំដី គំរាមកំហែងគ្នាទៅវិញទៅមក
ដើមហេតុមួយទៀត ដែលនាំឱ្យកូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងប្រឹងប្រែងដើម្បីផលិតគ្រាប់មីស៊ីលឆ្លងទ្វីប ក៏ព្រោះតែជាការឆ្លើយតបចំពោះការគំរាមកំហែងដោយពាក្យសំដីពីសំណាក់គូសត្រូវពិសេសសហរដ្ឋអាមេរិក។ កូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីល គ្រាន់តែដើម្បីបង្ហាញសមត្ថភាព ឆ្លើយតបការគំរាមពីសំណាក់អន្តរជាតិ ពិសេសគូសត្រូវប៉ុណ្ណោះ។ រំឮកដល់កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ កូរ៉េខាងជើង ស្រាប់តែព្រមានបាញ់ប្រហារទៅលើ កោះហ្គាំ ដែលជាដែនកោះយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិក នោះក៏ព្រោះដែលកូរ៉េខាងជើង ខឹងសម្បាចំពោះពាក្យប្រមាថ និងភាពក្អេងក្អាងរបស់សហរដ្ឋអាមេរិកដូចគ្នា។ និយាយអោយខ្លី បើគ្មានការគំរាមកំហែងពីអន្តរជាតិ កូរ៉េខាងជើង ក៏មិនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដូចគ្នា។
៥៖ អាមេរិកត្រូវដកទ័ពចេញពីកូរ៉េខាងត្បូង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ឡើងវិញច្បាស់ៗថា កូរ៉េខាងជើងមិនត្រូវការអាវុធនុយក្លេអ៊ែរឡើយ បើសិនជាសហរដ្ឋអាមេរិកសន្យាដកទ័ពពីកូរ៉េខាងត្បូង និង បញ្ចប់សង្រ្គាមមិនឈ្លានពានទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រភពពីវិមានប្រធានាធិបតី កូរ៉េខាងត្បូង Cheong Wa Dae ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។ មុននឹងឱ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ សហរដ្ឋអាមេរិក ត្រូវដកទ័ពជាមុនសិន ព្រោះថាវត្ថមានយោធាអាមេរិកនៅកូរ៉េខាងត្បូង គឺដើម្បីការពារសុវត្ថិភាពទប់ទល់នឹងកូរ៉េខាងជើងប៉ុណ្ណោះ។ ប្រសិនបើចង់ឱ្យកូរ៉េខាងជើង សម្រេចចិត្តជ្រើសយកផ្លូវសន្តិភាព អាមេរិកក៏គ្មានលេសអីត្រូវបន្តវត្ថមានយោធានៅកូរ៉េខាងត្បូងដូចគ្នា។
៦៖ ស្នើសុំពិនិត្យតាមដានទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ជាទៀងទាត់
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីនថា ទីក្រុងព្យុងយ៉ាងនឹងអញ្ជើញក្រុមអ្នកជំនាញអាមេរិក ព្រមទាំងក្រុមអ្នកសារព័ត៌មានបរទេស មកត្រួតពិនិត្យពីការបិទទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅខែឧសភា ខាងមុខនេះ ដើម្បីបញ្ជាក់អះអាងថា ខ្លួនពិតជាមានចេតនាចង់ បញ្ឈប់ការបាញ់សាកល្បងពិតប្រាកដមែន។ នេះជាដំណឹងល្អមួយ ប៉ុន្តែដើម្បីឱ្យកាន់តែច្បាស់ កូរ៉េខាងជើង គួរអនុញ្ញាតឱ្យអន្តរជាតិ ចូលត្រួតពិនិត្យ និងតាមដានជាប្រចាំកាន់តែ ប្រសើរដើម្បីធានាបាន១០០ភាគរយ ថាកូរ៉េខាងជើង ពិតជាមិនអាចវិលត្រឡប់ទៅក្បត់ពាក្យសន្យារបស់ខ្លួន។
៧៖ ដាក់លក្ខខណ្ឌ ដោយប្រើប្រាស់ការដាក់ទណ្ឌកម្ម និងការផ្ដល់ជំនួយ
ថ្វីត្បិតការដាក់ទណ្ឌកម្ម ជាវិធានការណ៍ដែលធ្លាប់អនុវត្តកន្លងមកហើយគ្មានប្រសិទ្ធភាពក្តី ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន អ្វីៗអាចនឹងខុសពីលើកមុន។ អន្តរជាតិអាចរៀបចំលក្ខខណ្ឌ ជាថ្មីដោយសន្យាថានឹងដកទណ្ឌកម្មទាំងអស់ ព្រមទាំងផ្ដល់ជំនួយប្រសិនបើ កូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ផ្ទុយទៅវិញកូរ៉េខាងជើង នឹងទទួលសម្ពាធ ទ្វេដងប្រសិនបើមិនគោរពតាមពាក្យសន្យា។ យ៉ាងហោចណាស់ កូរ៉េខាងជើង ក៏ចង់មានខ្យល់ដង្ហើមគ្រប់គ្រាន់ មិនចង់បន្តការរស់នៅក្រោមសម្ពាធទណ្ឌកម្មនោះទេ។ ហេតុនេះកូរ៉េខាងជើង អាចនឹងពិចារណារវាងបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអែរ ហើយងាកមករីករាយជាមួយជំនួយជាច្រើនសន្ធឹកសន្ធាប់ និងទទួលបានសេរីភាពពីសម្ពាធ សេដ្ឋកិច្ចរបស់អន្តរជាតិ។
សរុបសេចក្តីទៅ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ក៏ផ្ដើមចេញពីទង្វើរបស់អន្តរជាតិពិសេសសហរដ្ឋអាមេរិកផងដែរ។ ហេតុនេះដើម្បីបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នេះ អន្តរជាតិចាំបាច់ត្រូវកែប្រែឥរិយាបថរបស់ខ្លួនជាមុនសិន មុនពេលបង្ខំឱ្យកូរ៉េខាងជើងបញ្ឈប់ដោយខ្លួនឯង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា