(វ៉ាស៊ីនតោន)៖ កន្លែងដែលត្រូវជ្រើសរើស ដើម្បីរៀបចំជំនួបជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះមិនទាន់ត្រូវបានជ្រើសរើសយក ១ ជាផ្លូវការនៅឡើយទេ ខណៈជម្រើសមានពីរ គឺនៅអគារ Peace House នៃតំបន់ព្រំដែនរួម (DMZ) ដែលលោក គីម និងលោក មូន ជែអ៊ីន ធ្លាប់ជួបគ្នា និងមួយទៀតនៅប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ចំពោះមុខអ្នកសារព័ត៌មាននានា នៅក្នុងសេតវិមានទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា «ខ្ញុំគិតថា វាអាចនឹងត្រូវប្រកាសចេញនារយៈពេលប៉ុន្មានថ្ងៃ (ពីរទៅបីថ្ងៃ) ខាងមុខនេះ។ ខ្ញុំចង់ធ្វើវាឲ្យបាន...។» ការលើកឡើងនេះ គឺលោក ត្រាំ ចង់សំដៅទៅលើជំនួបរវាងលោក និងលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅរយៈពេល បីទៅបួនសប្តាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែកន្លែងរៀបចំជំនួបនោះ មិនទាន់ត្រូវបានសម្រេចនោះទេ។
គួរបញ្ជាក់ថា នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានាក្នុងសេតវិមានថា ប្រទេសសិង្ហបុរី និងតំបន់គ្មានព្រំដែនរវាងកូរ៉េទាំងពីរ (DMZ) គឺស្ថិតនៅក្នុងជម្រើសចុងក្រោយ ដែលត្រូវសម្រេចយក ១ សម្រាប់រៀបចំជំនួបរវាងលោក និងលោក គីម ជុងអ៊ុន តាមការព្រមព្រៀង។ ចាំបានថា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ នៅក្នុងឆ្នាំ២០១៦ លោកធ្លាប់បានអះអាងថា លោកចង់អង្គុយតុជាមួយ លោក គីម ជុងអ៊ុន និងញុំានំហាំប៊ឺហ្គឺរួមគ្នាផងដែរ ហើយរឿងនេះអាចនឹងក្លាយជាការពិតក្នុងពេលឆាប់ៗ៕
