(អ៊ីស្រាអែល)៖ មន្រ្តីអាមេរិកម្នាក់បាននិយាយថា អ៊ីសា្រអែលហាក់ដូចជាកំពុងត្រៀមខ្លួនធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងកំពុងស្វែងរកការគំាទ្រពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Jerusalem Post នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ទម្លាយប្រាប់សារព័ត៌មានអាមេរិក NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) មន្ត្រីអាមេរិករូបនេះបាន អះអាងដូចគ្នាថា អ៊ីសា្រអែលកំពុងត្រៀមខ្លួនធ្វើសង្រ្គាមប្រឆាំងអ៊ីរ៉ង់ ហើយចង់បានការគាំទ្រពីសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីទាំងនេះបញ្ជាក់ យ៉ាងដូច្នេះថា «នៅលើបញ្ជីសក្ដានុពលនៃជម្លោះនៅជុំវិញពិភពលោក (លទ្ធភាពដែលអាចផ្ទុះសង្គ្រាម) គឺសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ស្ថិតនៅលេខរៀងលើគេនៅពេលនេះ»។
ប៉ុន្តែព្រមពេលជាមួយគ្នា មន្ត្រីរូបនេះក៏បានបន្ទោសអ៊ីស្រាអែល សម្រាប់ការវាយប្រហារតាមផ្លូវ អាកាសលើមូលដ្ឋានទ័ពស៊ីរី ក្នុងទីក្រុង ហាម៉ា (Hama) និង អាឡេប៉ូ (Aleppo) កាលពីថ្ងៃអាទិត្យ ដែលបានផ្ដាច់យកជីវិតយោធាស៊ីរី ២០នាក់។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក អាវីកដ័រ លីប៊ែមែន (Avigdor Liberman) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា លោកមិនចង់ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការវាយប្រហារតាមផ្លូវអាកាសនេះទេ ដោយលោកអះអាងយ៉ាងខ្លីថា «ខ្ញុំមិនបានអានការចុះផ្សាយរបស់ សារព័ត៌មានបរទេសឡើយ»។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា «អ៊ីរ៉ង់កំពុងធ្វើឱ្យយើងឈឺចាប់ ហើយយើងនឹងធ្វើការឆ្លើយតបវិញ យ៉ាងសាកសម ខណៈអ៊ីស្រាអែលមានបញ្ហាធំៗចំនួនបួននោះគឺ អ៊ីរ៉ង់! អ៊ីរ៉ង់! អ៊ីរ៉ង់! និងពុតត្បត់»។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទកន្លងទៅ នៅពេលសារព័ត៌មាន CNN សួរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា តើអ៊ីស្រាអែលកំពុងត្រៀមខ្លួន ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែនឬទេ? លោកនាយករដ្ឋមន្ត្រីរូបនេះ បានឆ្លើយថា «គ្មាននរណាម្នាក់ស្វែងរកការវិវត្តន៍បែបនេះទេ តែអ៊ីរ៉ង់គឺជាអ្នកផ្លាស់ប្ដូរច្បាប់ទម្លាប់នៅក្នុងតំបន់»៕