(អ៊ីស្រាអែល)៖ កងទ័ពអ៊ីស្រាអែលបានដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅឯតំបន់ ហ្គោឡេន ហេជស៍ (Golan Heights) ជាប់ព្រំដែនជាមួយស៊ីរី ខណៈកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចូលរួមក្នុងសមយុទ្ធយោធានៅឯតំបន់ Golan Heights នៅថ្ងៃអង្គារសប្ដាហ៍នេះដោយអះអាងថា វាគឺជាសមយុទ្ធយោធាប្រចាំឆ្នាំ និងធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយោធា ក៏ដូចជាដើម្បីថែរក្សាស្ថេរភាពនៅក្នុងតំបន់ ប្រឈមមុខនឹងការកើនឡើងកាន់ខ្លាំង នៃឥទ្ធិពលអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ជាពិសេសនៅស៊ីរីដែលជាប្រទេសក្បែរខាងអ៊ីស្រាអែល។
ទោះបីជាបែបនេះក្តី ចេតនាពិតដែលស្ថិតនៅពីក្រោយសមយុទ្ធនេះ កំពុងស្ថិតនៅក្នុងការសង្ស័យ ខណៈការធ្វើសមយុទ្ធយោធានេះ កើតមានឡើងនៅចំពេលអ៊ីស្រាអែល ត្រូវបានរាយការណ៍ថា បានបង្កើនសកម្មភាពយោធានៅក្នុងប្រទេស ស៊ីរីក្នុងគោលបំណងប្រឆាំងនឹងក្រុមឧទ្ទាមហេសប៊ូលឡា និងក្រុមកងជីវពលអ៊ីរ៉ង់ ដែលខ្នងបង្អែករបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។
គួរបញ្ជាក់ថា តំបន់ Golan Heights ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស៊ីរី តែអ៊ីស្រាអែលបានដណ្ដើមយកមកគ្រប់គ្រង នៅអំឡុងសង្រ្គាម ០៦ថ្ងៃ ដែលអ៊ីស្រាអែលជាអ្នកទទួលបានជ័យជម្នះ៕