(តៃប៉ិ)៖ គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រនៃកោះតៃវ៉ាន់នាថ្ងៃពុធនេះ ប៉ុន្តែហេតុការណ៍ដ៏កក្រើកទាំងព្រឹកនេះហាក់ដូចជាពុំបានបណ្តាលឲ្យមានការខូចខាត និងមនុស្សរងគ្រោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានចំណុចរំញ័រនៅចម្ងាយប្រហែលជា ៧៤គីឡូម៉ែត្រ ភាគខាងកើតទីក្រុង ហួលៀន (Hualien) ហើយខណៈដែលពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយ ស្តីពីការបាត់បង់ជីវិតមនុស្ស និងការខូតខាតទ្រព្យសម្បតិ្តនោះ បណ្តាទីភ្នាក់ងារនៅលើដែនដីកោះមួយនេះ ត្រូវបានបញ្ជាឲ្យប្រុងជើងការកម្រិតខ្ពស់ ដោយសារតែខ្លួនទើបតែបានទទួលរងគ្រោះធ្ងន់ធ្ងរ ពីការរញ្ជួយដីមានកម្រិតដល់ទៅលើស ៦.០រ៉ិចទ័រ កាលពីខែកុម្ភៈកន្លងទៅ។
គួរជម្រាបថា កាលពីថ្ងៃកុម្ភៈ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Hualien ដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ០៩នាក់ និងជាច្រើននាក់ទៀតបាត់បង់ផ្ទះសម្បែង៕