(សេអ៊ូល)៖ ការរក្សាវត្តមានយោធាអាមេរិកប្រចំាកូរ៉េខាងត្បូង (USFK) គឺពិតជាមានសារៈសំខាន់ បើទោះជាមានការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមរវាងកូរ៉េទាំងពីរក៏ដោយ។ នេះគឺជាការគូសបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃពុធនេះ មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់បានច្រានចោល សេចក្ដីរាយការណ៍ទាក់ទិននឹងលទ្ធភាព នៃការដកកងទ័ពអាមេរិក។ មន្ត្រីរូបនេះបានលើកឡើងដូច្នេះថា «វត្តមានកងទ័ពអាមេរិក (USFK) នៅកូរ៉េខាងត្បូងពិតជាមានសារៈសំខាន់ណាស់ បើទោះជាមានសន្ធិសញ្ញាសន្តិភាពក៏ដោយ។ ចំណែកឯគោលជំហររបស់រដ្ឋាភិបាល គឺ USFK បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាអ្នកសម្របសម្រួលរវាងមហាអំណាចនៅជុំវិញកូរ៉េខាងត្បូង ដូចជា ចិន និងជប៉ុនជាដើម»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង កើតមានឡើងបន្ទាប់ពីទីប្រឹក្សាម្នាក់របស់លោក មូន ជែអ៊ីន គឺលោក មូន ជុងអ៊ីន (Moon Chung-in) និយាយថា វាពិតបាកក្នុងការបញ្ជាក់ពីវត្តមានកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ក្រោយមានសន្ធិសញ្ញាសន្តិភាព។ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ព ឱ្យទៅឈរជើងនៅកូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ ហើយបច្ចុប្បន្នកងទ័ពអាមេរិក ២,៨៥០០នាក់ កំពុងឈរជើងប្រទេសមួយនេះ៕