(អាមេរិក)៖ ប្រសិនបើមនុស្សលោកយើងចង់ជៀសវៀងពីការផុតពូជ ដូចជាសត្វដាយណូស័រនោះ យើងនឹងត្រូវតែចេះរៀនរស់នៅក្នុងទីអវកាស ហើយតាំងទីលំគ្រប់គ្រងនៅលើភពដទៃទៀត។ ប៉ុន្តែតើការរស់នៅលើភពមួយផ្សេងទៀត ពិតជាអាចរក្សាទុកនូវភាពដើមរបស់មនុស្ស ឬក៏បរិស្ថានថ្មីមួយ នឹងជំរុញឲ្យពួកយើងវិត្តន៍ខ្លួនទៅជាអ្វីផ្សេង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងវគ្គថ្មីមួយនៃកម្មវីធី One Strange Rock របស់ប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel ក្រុមតារាវិទូចំនួន ០៨នាក់ បានពន្យល់ និងបកស្រាយអំពីមូល ថាតើហេតុអ្វីបានពួកគេគិតថា មនុស្សលោកគួរតែធ្វើការគ្រប់គ្រងនៅទីអវកាស និងថាតើការធ្វើដូច្នោះ អាចប៉ះពាល់ដល់រាយកាយរបស់យើងដោយរៀបណា។
រាយកាយរបស់មនុស្ស ប្រឈមនឹងឧបសគ្គជាច្រើន នៅអំឡុងការធ្វើដំណើរក្នុងទីអវកាស។ នៅឯស្ថានីយអន្តរជាតិ ISS ឆ្អឹងនិងសាច់ដុំរបស់អវកាសយានិក មានការចុះខ្សោយ ដោយសារតែពួកគេធ្វើចលនា នៅក្នុងស្ថានភាពគ្មានទម្ងន់ ឬគ្មានទំនាញ (Zero Gravity) អស់រយៈពេលជាច្រើនខែក្នុងមួយលើកៗ។ ពីព្រោះតែរាងកាយរបស់ពួកគេមិនបានទទួលរងកម្លាំងទំនាញ សារធាតុរាវក្នុងរាងកាយ ក៏បានរត់បញ្ចាស់ឡើងទៅលើ ធ្វើឲ្យចក្ខុវិញ្ញាណប្រែប្រួល ដែលពេលខ្លះគឺជារឿងអចិន្រ្តៃយ៍តែម្តង។
រលកវិទ្យុសកម្មដ៏មានឥទ្ធិពល Cosmic Radiation ពេលខ្លះបង្កជាចំណុចពន្លឺតូចៗ នៅក្នុងកែវភ្នែករបស់អវកាសយានិក។ ក្នុងការបំពេញបេសកកម្មរយៈពេលយូរនៅឯលំហអាកាសឆ្ងាយៗ វិទ្យុសកម្មថែមទាំងអាចបំផ្លាញ DNA (វាផ្ទុកព័ត៌មាននៃហ្សែនមនុស្ស) ហើយបណ្តាលឲ្យមានជំងឺមហារីក ឬខូចខួរក្បាលទៀតផង។
ការស្ថិតនៅក្នុងបរិស្ថានដែលពុល និងគ្រោះថ្នាក់ ដើម្បីព្យាយាមរក្សាពូជពង្សរបស់មនុស្ស មើលទៅហាក់ដូចជាទទួលបានផលអវិជ្ជមានច្រើនជាង ប៉ុន្តែប្រសិនបើមនុស្សបង្កើតវីធីសម្របខ្លួនដោយធម្មជាតិ ដើម្បីដោះស្រាយបញ្ហាវិទ្យុសកម្ម វាអាចនឹងទៅរួច។ កម្មវិធី One Strange Rock បានលើកឡើងអំពី Chernobyl ជាស្ថានីយថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានផ្ទុះកាលពីឆ្នាំ១៩៨៦។
ការលេចធ្លាយជាតិវិទ្យុសកម្ម នៅក្រោយការផ្ទុះដ៏កក្រើកនោះ បានផ្តាច់ជីវិតមនុស្ស និងសត្វជាច្រើន ប៉ុន្តែភាវៈមួយចំនួន បានសម្របខ្លួននឹងវិទ្យុសកម្ម តាមរយៈការបង្កើតសារធាតុប្រឆាំងអុកស៊ីតកម្ម ឲ្យកាន់តែច្រើនបន្ថែម។ ដូចគ្នាដែរ មនុស្សត្រូវគេដឹងថា អាចសម្របខ្លួននឹងជាតិរិទ្យុសកម្មបាន នៅពេលដែលពួកគេ ធ្វើជាទូទៅជាមួយប្រព័ន្ធកាំរស្មីអ៊ិច (X-Ray)។
ប្រសិនបើរាងកាយរបស់យើង ពិតជាអាចសម្របខ្លួនទៅនឹងជាតិវិទ្យុសកម្ម ឬក៏មនុស្សលោកអាចរកវិធីសាស្រ្ត ដើម្បីការពារខ្លួនពីវានោះ យើងនៅតែមិនអាចធានាបានមួយរយភាគរយថា រាងកាយរបស់យើង នឹងអាចតស៊ូអត់ទ្រាំ ដើម្បីរស់នៅឆ្ងាយពីផែនដី បានឬអត់ឡើយ។ មនុស្សលោក និងភាវៈដទៃទៀតនៅលើផែនដីរបស់យើង បានធ្វើការវិវត្តន៍និងលូតលាស់យ៉ាងប្រសើរ នៅក្នុងបរិស្ថានមួយដែលនឹងពិបាកក្នុងស្វែងរកនៅន្លែងដទៃទៀតក្នុងទីអវកាស។
គួរជម្រាបថា នេះពុំមែនមានន័យថា ការតាំងទីលំនៅគ្រប់គ្រងលើភពដទៃក្នុងទីអវកាស មិនអាចទៅរួចទាំងស្រុងនោះឡើយ។ ដូចទៅនឹងអ្វីដែលភាវៈទាំងអស់របស់ផែនដី ធ្លាប់បានធ្វើអស់រយៈពេលរាប់ពាន់លានឆ្នាំមកនេះ មនុស្សអាចសម្របខ្លួននឹងបរិស្ថានថ្មីៗបាន។ ប៉ុន្តែទោះបីជាយើងអាចឆ្លងផុតដំណើរផ្សងព្រេងនេះ ហើយធ្វើឲ្យកន្លែងថ្មីនោះដូចទៅនឹងភពកំណើតរបស់យើងអ៊ីចឹង ពួកយើងប្រហែលជានៅតែមិនអាចជួយសង្រ្គោះពូជពង្សរបស់យើងបានដដែល ពីព្រោះថានៅពេលរស់នៅទីនោះ យើងប្រហែលជាប្រែក្លាយទៅជាអ្វីផ្សេងក៏ថាបាន៕