(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានស្នើឱ្យអង្គការសហប្រជាជាតិ ចូលរួមអង្កេតលើគំរោងបិទ ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម អ៊ុយគ្យឹម (Kim Eui-kyeom) បានឱ្យដឹងថា លោក មូន បានពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលកន្លះម៉ោង ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នៅថ្ងៃអង្គារនេះ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី កាលពីសប្ដាហ៍មុន។
បន្ថែមពីលើនេះ លោក មូន ក៏បាន ប្រាប់លោក Guterres ផងដែរថា លោក គីម ជុងអ៊ុន សន្យាថា នឹងបង្ហាញពីតម្លាភាពក្នុងការបិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ដល់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រួមទាំងសហគមន៍អន្តរជាតិទាំងមូល។
សូមជម្រាបថា ជាការឆ្លើយតប លោក Guterres បាននិយាយថា លោកមានបំណងសហការក្នុងការអង្កេតការណ៍ស្នើឡើងដោយ លោក មូន។ ប៉ុន្តែលោកអះអាងថា សំណើនេះត្រូវទទួលបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយផ្សះផ្សា ក៏ដូចជាស្វែងរកសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ៕