(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងចិញ្ចឹមវិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការញុះញង់ឱ្យអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al jazeera នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់លោក Khamenei ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទ។ ថ្លែងនាឱកាសនោះដែរ មេដឹកនាំជាន់ខ្ពស់រូបនេះបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយថារាល់ការព្យាយាមប្រកួតប្រជែងជាមួយអ៊ីរ៉ង់ នឹងទទួលបរាជ័យ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក កំពុងព្យាយាមញុះញង់អារ៉ាប៊ីសាអូឌីត ឱ្យប្រឆាំង នឹងអ៊ីរ៉ង់... គោលបំណងរបស់ពួកគេ គឺបង្កើតជម្លោះបន្ថែម និងជំរុញឱ្យអ្នកកាន់សាសនាអ៊ីស្លាម ប្រឆាំងនឹងអ្នកកាន់សាសនាអ៊ីស្លាម។ ដូច្នេះរាល់ការប្រកួតប្រជែង និងរាល់ការប្រឈមមុខជាមួយអ៊ីរ៉ង់ ពួកគេនឹងទទួលបរាជ័យ»។
គួរបញ្ជាក់ថា បើតាមលោក Khamenei អ៊ីរ៉ង់គ្មានបំណងកំណត់ ឬដាក់កំហិតឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។ «ជន ជាតិអាមេរិក គឺជាអ្នកដែលត្រូវចាកចេញ... តំបន់មជិ្ឈមបូព៌ា អាស៊ីភាគខាងលិច និងឈូងសមុទ្រពែក គឺជាផ្ទះរបស់ពួកយើង»។ នេះគឺជាការលើកឡើងរបស់លោក Khamenei៕