(សេអ៊ូល)៖ កូរ៉េខាងជើងបានចាប់ផ្ដើមដក ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងត្បូង ចេញពីតំបន់ព្រំដែនហើយ ជាផ្នែកមួយនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម Panmunjom ក្រោយជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កូរ៉េខាងជើងបានដំណើរការឧបករណ៍បំពងសំឡេងចំនួន ៤០ នៅតំបន់ព្រំដែន ដែលកន្លងមកត្រូវបានប្រើប្រាស់ដើម្បីរិះគន់ និងធ្វើសង្រ្គាមចិត្តសាស្ត្រជាមួយកូរ៉េខាងត្បូង ដូចដែលកូរ៉េខាងត្បូងកន្លងមកធ្លាប់បានធ្វើផងដែរ។ ប៉ុន្តែកូរ៉េទាំងពីរបានចាប់ផ្ដើមដកឧបករណ៍ទាំងនេះ ចេញហើយនៅរសៀលថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម Panmunjom។ ផ្អែកលើសេចក្ដីថ្លែងការណ៍រួមនេះ កូរ៉េទាំងពីរយល់ព្រមបញ្ឈប់រាល់សកម្មភាពអរិភាព និងការប្រឈមមុខដាក់គ្នា ក្នុងនោះមានដូចជាការដកឧបករណ៍បំពងសំឡេង ការចែកខិតប័ណ្ណរិះគន់គ្នា ក៏ដូចជាធ្វើការងាររួមគ្នាដើម្បី ស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េជាដើម៕