(តេហេរ៉ង់)៖ អាជ្ញាធរយុត្តិធម៌អ៊ីរ៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញបញ្ជាឱ្យបិទទាំងស្រុង Telegram ដែលជាបណ្ដាញទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
បើតាមស្ថានីយ៍ទូរទស្សន៍ Press TV ការហាមឃាត់នេះ ដោយសារតែអាជ្ញាធរអ៊ីរ៉ង់ចោទប្រកាន់ថា Telegram បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ វប្បធម៌ និងសេដ្ឋកិច្ចអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះហើយ ទើបការិយាល័យរដ្ឋអាជ្ញាសម្រាប់វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុងតេហេរ៉ង់ បានចេញបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ អ៊ីនធើណែតនៅទូទាំងប្រទេស បិទបណ្ដាញទំនាក់ទំនងសង្គមរុស្ស៊ីមួយនេះ ចាប់ពីថ្ងៃទី៣០ ខែមេសា ម្សិលមិញតទៅ។
គួរបញ្ជាក់ថា ការសម្រេចចិត្តបិទ Telegram ពីសំណាក់អាជ្ញាធរអ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីនាយកការិយាល័យរដ្ឋអាជ្ញា ក្នុងទីក្រុងតេហេរ៉ង់ ទទួលបានការតវ៉ាជាច្រើនពីប្រជាជនអ៊ីរ៉ង់ ដោយអំពាវនាវឱ្យបិទបណ្ដាញទំនាក់ទំនងសង្គមនេះទាំងស្រុង ហើយវាក៏បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ប្រទេសនេះ គឺលោក អាយ៉ាតូឡាហ៍ ខាមេណៃ សម្រេចចិត្តឈប់ប្រើបណ្តាញសង្គមរុស្ស៊ីមួយនេះផងដែរ៕