(រ៉ងហ្គូន)៖ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន សូជី បានគូសបញ្ជាក់ម្តងទៀត ពីការត្រៀមលក្ខណៈរួចជាស្រេចរបស់រដ្ឋាភិបាលលោកស្រី ដើម្បីទទួលយកជនភៀសខ្លួន ដែលបានរត់ចេញពីវិបត្តិនៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង ទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីមានការផ្ទៀតផ្ទាត់ ក៏ដូចជាត្រួតពិនិត្យត្រឹមត្រូវ ហើយលោកស្រីក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយភាគីបង់ក្លាដែស ដើម្បីពន្លឿនដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍នេះផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
បើតាមក្រសួងខាងលើ លោកស្រី អោងសាន សូជី បានធ្វើការបញ្ជាក់បែបនេះ នៅក្នុងឱកាសលោកស្រី បានជួបពិភាក្សាជាមួយគណៈប្រតិភូ នៃតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការសហប្រជាតិ, តំណាងមកពីប្រទេសជិតខាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ, ប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN), និងសមាជិកនៃ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅឯទីក្រុងណៃពិដោនាវេលាយប់ថ្ងៃចន្ទម្សិលមិញនេះ។
គួរជម្រាបថា កាលពីថ្ងៃវិច្ឆិកាឆ្នាំមុន មីយ៉ាន់ម៉ា បានចុះហត្ថលេខាជាមួយបង់ក្លាដែស ជុំវិញការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ដែលបានរត់ទៅបង់ក្លាដែស ដោយកាលនោះបានប្រកាសថា នឹងចាប់ផ្តើមដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍នៃជនទាំងនោះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងណាមិញ វាកំពុងស្ថិតក្រោមការពន្យាពេលដដែល រហូតដល់មកទល់ពេលនេះ ដោយសារហេតុផលជាច្រើន។
គួរបញ្ជាក់ផងដែរថា អំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានបង្ខំឲ្យប្រជាជននៅទីនោះ ដែលភាគច្រើនសុទ្ធតែជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា រាប់សែននាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែន និងចូលទៅក្នុងប្រទេសបង់ក្លាដែស៕