(កាប៊ុល)៖ អ្នកយកព័ត៌មានម្នាក់របស់ BBC លោក អាម៉ាដ ហ្សាហ៍ (Ahmad Shah) ត្រូវបានគេបាញ់សម្លាប់នៅឯខេត្ត ខូសត៍ (Khost) ស្ថិតនៅភាគខាងកើត ប្រទេសអាហ្វហ្កានីស្ថាន នៅចំថ្ងៃដែលមានការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ៤០នាក់ ក្នុងរដ្ឋធានីកាប៊ុលកាលពីចន្ទ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
លោក Ahmad Shah មានអាយុ ២៥ឆ្នាំ បានធ្វើការជាអ្នកយកព័ត៌មានឱ្យ BBC អស់រយៈពេលច្រើនជាងមួយឆ្នាំ។ ចំណែកឯនាយក BBC World Service លោក ចេមី អាំងហ្គូស (Jamie Angus) បានចាត់ទុកថា លោក Shah គឺជាមនុស្សគួរឱ្យគោរព និងជាអ្នកសារព័តមានដ៏មានប្រជាប្រិយភាពម្នាក់។ «នេះគឺជាការបាត់បង់មួយដ៏ធំធេង។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់គ្រួសាររបស់លោក Shah និងក្រុមការងារ BBC ទាំងមូលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយយើងនឹងធ្វើអ្វីគ្រប់តាមដែលអាចធ្វើទៅបាន ដើម្បីជួយក្រុមគ្រួសាររបស់គាត់ ក្នុងពេលវេលាដ៏លំបាកនេះ»។ នេះបើតាម លោក Jamie Angus។
ជាមួយគ្នានោះដែរ បើតាមមេប៉ូលិសអាហ្វហ្កានីស្ថានក្នុងខេត្ត ខូសត៍ លោក អាប់ឌុល ហាណាន (Abdul Hanan) អ្នកកាសែតរងគ្រោះឈ្មោះ Ahmad Shah ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់បាញ់សម្លាប់ នៅពេលលោកកំពុងជិះកង់។ ប៉ុន្តែអំពើឃាតកម្មនេះ កើតឡើងចំថ្ងៃតែមួយ នៃការវាយប្រហារដោយបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នារបស់ក្រុម ISIS កាលពីថ្ងៃចន្ទ ដោយការវាយប្រហារលើកទីមួយធ្វើឡើង ដោយអ្នកវាយប្រហារម្នាក់ជិះម៉ូតូមួយគ្រឿង ហើយក្រោយមកការផ្ទុះលើកទី ២ បានកើតឡើងនៅពេលអ្នកសារព័ត៌មានជាច្រើននាក់ នាំគ្នារត់ទៅយកព័ត៌មាន។
គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកទាំងពីរខាងលើ បានផ្ដាច់ជីវិតមនុស្សរហូតដល់ ៤០នាក់ ក្នុងនោះអ្នកសារព័ត៌មាន ០៩នាក់ មកពីស្ថាប័នព័ត៌មានធំៗដូចជា AFP និង Aljazeera ផងដែរ ដែលជាហេតុនាំឲ្យអ្នកកាសែតស្លាប់ សរុបក្នុងពេលតែមួយថ្ងៃនៅអាហ្វហ្គានីស្ថាននោះរហូតទៅដល់ ១០នាក់៕