(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលអនុវត្តន៍ការតម្លើងពន្ធ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម លើប្រទេសកាណាដា សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ រហូតដល់ថ្ងៃទី០១ ខែមិថុនា ខណៈលោកទើបតែបានឈានដល់ កិច្ចព្រមព្រៀងមួយជាមួយប្រទេស អាហ្សង់ទីន អូស្រ្ដាលី និងប្រេស៊ីល ប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់នោះទេថា ជាកិច្ចព្រមព្រៀងអ្វី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការលើកលែងការតម្លើងពន្ធបណ្ដោះអាសន្ន នឹងត្រូវផុតកំណត់នៅម៉ោង ១២៖០១នាទី ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ «រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេស អាហ្សង់ទីន អូស្ត្រាលី និងប្រេស៊ីល រីឯការបញ្ជាក់លម្អិតនៅត្រូវបញ្ជាក់លម្អិតនៅ ៣០ថ្ងៃបន្ទាប់។
បន្ថែមពីលើនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានសម្រេចចិត្ត ពន្យារការអនុវត្តការតម្លើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមជាមួយ សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូផងដែរ រហូតដល់ថ្ងៃទី០១ ខែមិថុនា (៣០ថ្ងៃបន្ទាប់)»។ នេះបើតាមប្រភពស្និទ្ធនឹងការសម្រេចចិត្តនេះ ដែលទីភ្នាក់ងារ Reuters ទទួលបាន។
គួររំលឹកថា កាលពីខែមីនា លោក ដូណាល់ ត្រាំ បានប្រកាសពីគំរោងតម្លើងពន្ធនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ ភាគរយ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកបានសម្រេចចិត្តពន្យារអនុវត្តន៍ការតម្លើងពន្ធនេះ បណ្ដោះអាសន្នលើ កាណាដា ម៉ិចស៊ីកូ ប្រេស៊ីល សហភាពអឺរ៉ុប អូស្រ្ដាលី និងអាហ្សង់ទីន ហើយមិនតែប៉ុណ្ណោះ លោកក៏បានលើកលែងការតម្លើងពន្ធលើដែកថែបដល់កូរ៉េខាងត្បូង ជាអចិន្ត្រៃយ៍ផងដែរ៕