(តៃប៉ិ)៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសិប វូ (Joseph Wu) នៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងខ្លាំង ក្រោយពីបានឃើញព័ត៌មានចេញផ្សាយថា ចិនបាន បង្កើតចំណងការទូតជាមួយសាធារណរដ្ឋដូមីនិច ដែលជាសម្ព័ន្ធមិត្តផ្នែកការទូតជាមួយតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមស៊ីនហួរ ចិន និងសាធារណៈរដ្ឋដូមីនីក បានចុះហត្ថលេខានៅថ្ងៃអង្គារនេះ លើសេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគី ដូមីនីកលោក មីគែល វ៉ាហ្គាស ម៉ាដូណាដូ (Miguel Vargas Maldonado) នៅឯពិធីចុះហត្ថលេខាមួយក្នុងទីក្រុងប៉េកាំង។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺថា ផ្អែកលើសេចក្ដីថ្លែងការណ៍រួមនេះសាធារណៈរដ្ឋដូមីនីក បានផ្ដាច់ចំណងការទូតជាមួយតៃវ៉ាន់ និងទទួលស្គាល់ថា ចិនមានតែមួយប៉ុណ្ណោះ គឺសាធារណៈរដ្ឋប្រជាមានិតចិន។
ដោយឡែក កោះតៃវ៉ាន់បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្កើតចំណងការទូតរវាងចិន និងសាធារណៈរដ្ឋដូមីនីក ដោយចោទថា ការសម្រេចចិត្តផ្លាស់ប្ដូរភក្ដីភាព និងមិត្តភាពរាប់ឆ្នាំនេះ គឺធ្វើឡើងដោយសារតែអំណាចទឹកលុយរបស់ចិនតែម្តង៕