(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញនូវអ្វីដែលលោកផ្ទាល់ហៅថា ជាឯកសារសម្ងាត់នុយក្លេអ៊ែរ ដែលបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តលួចលាក់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលោក Netanyahu ឯកសំងាត់នុយក្លេអែរកម្រាស់រាប់ពាន់ទំព័រ ដែលអ៊ីស្រាអែលបានបង្ហាញថា អ៊ីរ៉ង់បានបោកបញ្ឆោតពិភពលោកថា ខ្លួនបានបោះបង់ចោលការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ក៏បានចោទប្រកាន់អ៊ីរ៉ង់ដែរថា បានលួចលាក់ដឹកនាំកម្មវិធីអាវុធនុយក្លេអ៊ែររហូតដល់២០០៣ ក្រោមឈ្មោះថា «Project Amad» ហើយបើទោះជាគំរោងនេះបានបិទក៏ដោយ ក៏អ៊ីរ៉ង់នៅតែបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរដដែល។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Benjamin Netanyahu កើតមានឡើងតែប៉ុន្មានសប្ដាហ៍ មុននឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា ត្រូវបន្តរក្សា ឬបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ នៅថ្ងៃទី១២ ខែឧសភាខាងមុខនេះ៕