(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សាកសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) សម្រាប់ការជួយជ្រោមជ្រែងឱ្យមានជំនួបកំពូលអន្តរ កូរ៉េជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសនៅក្នុងជំនួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់លោក។ លោក មូន តាមរយៈ ការស្រង់សម្ដីពីក្រុមមន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា៖«ជាការពិតណាស់ លោកប្រធានាធិបតីត្រាំ សាកសមនឹងទទួលបានជ័យលាភីពានរង្វាន់ណូបែលសន្តិភាព»។
ព្រមពេលជាមួយគ្នា លោក មូន ក៏បានអរគុណលោកត្រាំផងដែរសម្រាប់ការជួយឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាន់ខិតជិតគ្នា។ «ការដាក់សម្ពាធជាអតិបរាម៉ារបស់លោកត្រាំ ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងយោធា បានចូលរួមចំណែកយ៉ាងធំធេង បង្ខំឱ្យលោក គីម ជុងអ៊ុន ត្រឡប់មករកតុចរចាវិញ»។ នេះជាការលើកឡើងរបស់លោក មូន ជែអ៊ីន៕