(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានស្នើឱ្យមានការរៀបចំជំនួបប្រជុំជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអគារសន្តិភាព ស្ថិតនៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាទីដែល លោកគីមទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីសប្ដាហ៍មុន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«មានប្រទេសជាច្រើនកំពុងស្ថិតនៅក្រោមការពិចារណាសម្រាប់ទីតាំង រៀបចំកិច្ចប្រជុំ ប៉ុន្តែតើអគារសន្តិភាព ឬក៏អគារសេរីភាពស្ថិតនៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាច នឹងក្លាយជាទីតាំងចុងក្រោយ និងកន្លែងសាកសម ឬដ៏សំខាន់ជាងប្រទេសទីបីដែរឬទេ? នេះគ្រាន់តែជាសំណើប៉ុណ្ណោះ!»។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំក៏បានិយាយដែរថាជំនួបជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ០៣ ឬ០៤សប្ដាហ៍ខាងមុខទៀតនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាជំនួបនេះអាចនឹងប្រព្រឹត្តទៅនៅត្រឹមពាក់កណ្ដាល ខែឧសភាខាងមុខនេះ៕