(ញូយ៉ក)៖ ក្នុងអំឡុងនៃកិច្ចប្រជុំបិទទ្វារមួយ ជាមួយប្រធានអង្គការជ្វីប (Jew) ធំៗ នៅឯទីក្រុងញូយ៉ក ព្រះរាជទាយាទនៃព្រះរាជណាចក្រអារ៉ាប៊ីសាអូឌីត ត្រូវគេរាយការណ៍ថា បានមានព្រះបន្ទូលរិះគន់ធ្ងន់ៗ ទៅលើរដ្ឋាភិបាលរដ្ឋប៉ាឡេស្ទីន ដោយសារការបដិសេធមិនទទួលយក សំណើស្វែងរកសន្តិភាពនាឱកាសជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ព្រះរាជ្យបុត្រស្នងរាជ្យរបស់អារ៉ាប៊ីសាអូឌីត បានធ្វើការរិះគន់ដោយមិនសំចៃនោះឡើយ ទៅលើថ្នាក់ដឹកនាំប៉ាឡេស្ទីន សម្រាប់ការធ្វើឲ្យបាត់បង់ឱកាសម្តងហើយម្តងទៀត កាលពីអំឡុងប៉ុន្មានសតវត្សរ៍កន្លងទៅនេះ និងសម្រាប់ការទាត់ចោលរាល់សំណើកសាងសន្តិភាពទាំងអស់ ដែលខ្លួនត្រូវបានគេផ្តល់ឲ្យ។ នេះបើតាមប្រភពដែលមានចំណេះដឹង អំពីកិច្ចការផ្ទៃក្នុងនៃបញ្ហានេះ។
យោងតាមប្រភពដដែល ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីតបានប្រកាសដូច្នេះថា វាដល់ពេលហើយដែលពួកប៉ាឡេស្ទីន ទទួលយកនូវសំណើស្វែងរកសន្តិភាព ហើយយល់ព្រមចូលមកអង្គុយនៅតុចរចា ឬក៏បិទមាត់របស់ខ្លួន ហើយឈប់ត្អូញត្អែរតទៀតទៅ។ ព្រះអង្គម្ចាស់ក៏បានបញ្ជាក់ផងដែរថា បញ្ហាប៉ាឡេស្ទីន បច្ចុប្បន្នគឺជាអាទិភាពចម្បងនៃព្រះរាជាណាចក្ររបស់ទ្រង់ ហើយបើចង់ឲ្យមានដំណើរការនៃកិច្ចចរចាសន្តិភាព អ៊ីស្រាអែល-ប៉ាឡេស្ទីន មានការវិវឌ្ឍន៍ទៅមុខ អារ៉ាប៊ីសាអូឌីត និងប្រទេសនៅឈូងសមុទ្រពែកផ្សេងទៀត ត្រូវតែស្តារទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែល។
គួរជម្រាបថា បើតាមប្រភពព័ត៌មានខាងលើ នៅពេលអ្នកមានវត្តមានទាំងអស់នៅក្នុងកិច្ចប្រជុំ បានលឺសម្តីរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន មនុស្សរាល់គ្នាបានរបូតចេញពីកៅអីអង្គុយរៀងៗខ្លួនតែម្តង។ ដោយឡែក គិតមកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជិត ៥០នាក់ បានបាត់បង់ជីវិត និងជាង ៥,៥០០នាក់ បានរងរបួសក្នុងអំឡុងនៃការផ្ទុះបាតុកម្មទ្រង់ទ្រាយធំ នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ៕