(កាប៊ុល)៖ មនុស្សស្លាប់បានកើនដល់ ២៩នាក់ហើយ ដោយក្នុងនោះមានអ្នកសារព័ត៌មានដល់ទៅ ០៨នាក់ ដែលរួមមានមកពីទីភ្នាក់ងារ AFP និង Aljazeera ជាដើម ក្នុងករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅកណ្តាលរដ្ឋធានីកាប៊ុល ខណៈជនដៃដល់ ដែលបានបន្លំខ្លួនធ្វើជាអ្នកកាសែតម្នាក់ដែរនោះ បានបំផ្ទុះគ្រាប់បែកអត្តឃាតទីពីរនៅកន្លែងកើតហេតុ ដែលជាករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀតនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNN នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
បើតាមការអះអាងពីក្រុមមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច ២៩នាក់ រួមទាំងជនដៃដល់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួនពីរលើកនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងកាប៊ុល) ក្នុងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន។ ករណីបំផ្ទុះគ្រាប់បែកលើកទីមួយ បានកើតឡើងនៅក្នុងតំបន់ ហ្សាសដារ៉ាក (Shashdarak) ជាទីដែលស្ថានទូតអាមេរិក និងអគារផ្សេងៗទៀតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានតាំងនៅ ជាហេតុបណ្តាលឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើការរួសរាល់ទៅកាន់កន្លែងកើតហេតុ។
ករណីទីពីរបានកើតឡើងនាប្រមាណជា ៤០នាទីក្រោយមក នៅពេលដែលជនដៃដល់ ដែលបានក្លែងបន្លំខ្លួនជាអ្នកកាន់កាមេរ៉ាព័ត៌មាន បានចុះបំផ្ទុះខ្លួនរបស់គេ នៅក្នុងចំណោមក្រុមអ្នកកាសែត ដែលបានប្រមូលផ្តុំគ្នាដើម្បីយកព័ត៌មាននៅជុំវិញកន្លែងកើតហេតុ។ ជាលទ្ធផលអ្នកកាសែត ០៨នាក់ ក្នុងនោះមានស្រ្តីម្នាក់បានស្លាប់ ដែលអ្នកទាំងអស់នោះ មានប្រភពមកពីបណ្តាញសារព័ត៌មានខុសៗគ្នា។
គួរជម្រាបថា ជាមួយគ្នានេះហេតុការណ៍ទាំងពីរករណីខាងលើ ក៏បានបន្សល់ទុកឲ្យមនុស្ស ៤៥នាក់ ទៀតទទួលរងរបួសផងដែរ ហើយក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ខ្លួន៕