(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹងថា ករណីវាយប្រហារដោយផ្ទុះគ្រាប់បែកផ្ទួនៗគ្នានៅឯរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃចន្ទនេះបានផ្តាច់ជីវិតមនុស្សកើនដល់ ២៥នាក់ ក្នុងនោះមាន ០៦នាក់ ជាអ្នកសារព័ត៌មានហើយមនុស្ស ៤៥នាក់ ផ្សេងទៀតក៏បានរងរបួសផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ដោយផ្ទាល់ពី AFP ប្រធានផ្នែកថតរូបរបស់ទីភ្នាក់ងារព័ត៌មានបារាំងមួយនេះ ប្រចាំទីក្រុងកាប៊ុល ឈ្មោះ ហ្សាហ៍ ម៉ារ៉ៃ (Shah Marai) បានបាត់បង់ជីវិតនាថ្ងៃចន្ទនេះ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលើកទីពីរ ដែលមានគោលដៅទៅលើក្រុមអ្នកកាសែតតែម្តង ដែលបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងវាយប្រហារ ដោយផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀត នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន។ ចំណែកឯ អ្នកសារព័ត៌មានផ្សេងទៀតមកពី TOLOnews, 1TV និងសារព័ត៌មាន Al Jazeera ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ដែរ។
ករណីបំផ្ទុះគ្រាប់បែកលើកទីពីរនេះ បានកើតមានឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយករណីទីមួយ ហើយមានគោលដៅវាយប្រហារទៅលើក្រុមអ្នកសារព័ត៌មាន ដែលស្ថិតនៅកន្លែងកើតហេតុ។ ការផ្ទុះគ្រាប់បែកអត្តឃាតលើកទីមួយ ត្រូវបានធ្វើឡើងដោយជនដៃដល់ម្នាក់ ជិះនៅលើម៉ូតូមួយគ្រឿង ហើយបានបន្សល់ទុកឲ្យមនុស្សយ៉ាងតិច ០៤នាក់ស្លាប់ និង០៥នាក់របួស ហើយក្រុម ISIS បានចេញមុខទទួលខុសត្រូវថា ជាទង្វើវាយប្រហារនេះ៕