(ម៉ូស្គូ)៖ មេធាវីហូឡង់ម្នាក់របស់អង្គការណាតូ លោក គ្រីស វ៉ាន់ ដឺ ម៉េច (Kris van der Meij) បានកត់សម្គាល់ថា ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃ ទី១៤ ខែមេសា ប្រឆាំងនឹងស៊ីរីពីសំណាក់ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
យោងតាម លោក Van der Meij គោលការណ៍អន្តរាគមន៍ក្រោមហេតុផលមនុស្សធម៌ ដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ប្រើប្រាស់ដើម្បីបញ្ជាក់ថា ការវាយប្រហាររបស់ពួកគេ មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធអាវុធគីមី របស់រដ្ឋាភិបាលស៊ីរី គឺមិនមែនជា ហេតុផលមានសុពលភាព ក្នុងការធ្វើអន្តរគមន៍យោធាឡើយ។ លោកបានបន្ថែមទៀតថា «ប្រទេសមួយអាចធ្វើសកម្មភាពយោធាស្របច្បាប់ ប្រឆាំងនឹងប្រទេសដទៃ លុះត្រាតែដើម្បីការពារខ្លួន ឬមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ UN ឬក៏មានសំណើអន្តរាគមន៍យោធា ពីប្រទេសមួយនោះប៉ុណ្ណោះ»។
ចំណែកឯអន្តរាគមន៍យោធា ក្រោមហេតុផលមនុស្សធម៌ របស់មហាអំណាចពិភពលោកទាំងបី វាគ្រាន់តែជាលេសមួយដែលពួកគេធ្លាប់បានធ្វើនៅលីប៊ី នៅពេលដែលលោក ហ្កាដាហ្វី សម្លាប់ប្រជាជនខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែនេះមិនអាចចាត់ទុកថា ស្របនឹងច្បាប់ អន្តរជាតិបានឡើយ ហើយគេក៏មិនអាចទទួលស្គាល់ថា វាគឺជាហេតុផលដើម្បីធ្វើអន្តរាគមន៍យោធានោះដែរ។ នេះបើតាមសម្តីអ្នកជំនាញច្បាប់ជនជាតិហូឡង់ខាងលើ។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូក៏ធ្លាប់បានចាត់ទុកដែរថា ការវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃទី១៤ ខែមេសា គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអន្តរាគមន៍យោធានេះដោយ ហៅវាថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបូរណភាពដែនដី និងដែនអធិបតេយ្យភាពស៊ីរី ហើយនឹងមិនអនុញ្ញាឱ្យរឿងបែបនេះ កើតឡើងជាថ្មីនោះទេ៕