News Update: សារព័ត៌មាន Haaretz អ៊ីស្រាអែល៖ «ការបាញ់មីស៊ីលស្រោចលើស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ទំនងជាស្នាដៃរបស់កងទ័ពអ៊ីស្រាអែល...»
30-04-2018 14:56
(ម៉ូស្គូ)៖ សារព័ត៌មានអ៊ីស្រាអែល Haaretz បានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់មីស៊ីលជាស៊េរី ទៅលើមូលដ្ឋានទ័ពស៊ីរីនៅក្នុងខេត្ត ហាម៉ា (Hama) និងខេត្ត អាឡេប៉ូ (Aleppo) ទំនងជាស្នាដៃរបស់កងកម្លាំងអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ ថ្លែងប្រាប់ Sputnik អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានបដិសេធអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់មីស៊ីល ប្រឆាំងនឹងមូលដ្ឋានទ័ពស៊ីរីជាច្រើនកន្លែង នៅក្នុងខេត្ត Hama និងខេត្ត Aleppo កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ (ម៉ោងនៅក្នុងតំបន់)។ «យើងបដិសេធធ្វើការអត្ថាធិប្បាយ ចំពោះការចោទប្រកាន់ទាំងនេះ»។ នេះជាការគូសបញ្ជាក់ យ៉ាងខ្លីពីអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល។
គួរជម្រាបថា បើតាមក្រុមប្រឆាំងស៊ីរី ទីតាំងមួយក្នុងចំណោមទីតាំងរងការវាយប្រហារ គឺជាមូលដ្ឋានកងទ័ពស៊ីរី ដែលគេស្គាល់ថា ជាកងពលធំលេខ ៤៧ ស្ថិតនៅក្បែរទីក្រុង Hama ជាទីត្រូវបានគេជឿជាក់ថា ជាកន្លែងជ្រើសរើស និងបណ្ដុះបណ្ដាលក្រុមអ្នកប្រយុទ្ធ ស៊ីអ៊ីត ដែលកំពុងគំាទ្រកងកម្លាំងលោកប្រធានាធិបតី បាស្សា អាល់ អាស្សាដ។
មកទល់ពេលនេះ គេមិនទាន់ដឹងទេថា នរណាជាអ្នកដឹកនាំការវាយប្រហារនេះទេ តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្លាប់បានព្រមានកាលពីប៉ុន្មានសប្ដាហ៍មុនថា ប្រទេសរបស់លោកនឹង បន្តធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ក្រោយសហរដ្ឋអាមេរិក បារាំង អង់គ្លេស ផ្លោងមីស៊ីលដូចគេស្រោចទឹកលើមូលដ្ឋានទ័ពស៊ីរី ដែលពួកគេអះអាងថា មានផ្ទុកទៅដោយអាវុធគីមី កាលពីថ្ងៃទី១៤ ខែមេសា៕