(វ៉ាស៊ីនតោន)៖ ដើមឈើមួយដើមដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានដាំរួមគ្នានៅឯសេតវិមាន ស្រាប់តែបានបាត់ប្រមោលទៅដោយចម្លែកបំផុត កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វ ផ្សាយនៅក្នុងស្រុកដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក លោក ត្រាំ និងលោក ម៉ាក្រុង បានដាំដើមឈើមួយដើមរួមគ្នា នៅអំឡុងពេលនៃដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំងរូបនេះ មកកាន់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ ប៉ុន្តែដើមឈើនេះស្រាប់តែបាត់ចេញពី កន្លែងដែលមេដឹកនាំទាំងពីរបានដាំ ដោយមិនដឹងមូលហេតុទៅវិញ។ ដើមឈើនេះ គឺជាអំណោយរបស់លោក ម៉ាក្រុង ហើយវាត្រូវបានយកមកពីតំបន់ បេឡូ វូដ (Belleau Wood) ស្ថិតនៅភាគឦសានប្រទេសបារាំង ជាទីដែលកងទ័ពអាមេរិក ២,០០០នាក់ បានស្លាប់នៅអំឡុង សម័យសង្រ្គាមលោកលើកទី ១។
គួរបញ្ជាក់ថា ការបាត់អំណោយដើមឈើរបស់លោក ម៉ាក្រុង កើតមានឡើងបន្ទាប់ពី អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម បានយកដើមឈើដែលលោក ត្រាំ និងលោក ម៉ាក្រុង ដាំរួមគ្នាទៅធៀបជាមួយនឹងដើមឈើ ដែលលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បាន ដាំរួមគ្នា កាលពីសប្ដាហ៍មុន។ លើសពីនេះទៅទៀត ក៏មានពាក្យចចាមអារ៉ាមផងដែរ ជុំវិញជោគវាសនានៃដើមឈើមួយដើមនេះ ខណៈសេតវិមានមិនទាន់ធ្វើការពន្យល់ រីឯមន្ត្រីមិនបញ្ជាក់អត្តសញ្ញាណម្នាក់ មកពីវិមានប្រធានាធិបតីបារាំងនិយាយថា វាកំពុងស្ថិត នៅក្រោមការមើលថែ និងដាក់ថ្នាំ៕