(អាមេរិក)៖ ខែលការពារកម្តៅសម្រាប់យានរុករក Mars Rover ជំនាន់ថ្មីរបស់ទីភ្នាក់ងារអវកាស NASA បានជួបប្រទះបញ្ហាក្នុងអំឡុងការធ្វើតេស្ត នាពេលថ្មីៗនេះ ប៉ុន្តែវានឹងពុំប៉ះពាល់ដល់ការត្រៀមលក្ខណៈបាញ់បង្ហោះបេសកកម្ម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ឡើយ។ នេះបើតាមការឲ្យដឹងពីមន្ទីរពិសោធន៍ JPL របស់ NASA ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
បញ្ហាខាងលើ គឺជាការកើតមានស្នាមប្រេះ នៅក្បែរគែមផ្នែកខាងក្រៅនៃប្រព័ន្ធខែលការពារកម្តៅក្នុងអំឡុងនៃការធ្វើតេស្ត នៅឯមូលដ្ឋានពិសោធន៍ក្នុងទីក្រុង Denver របស់ក្រុមហ៊ុន Lockheed Martin ដែលជាដៃគូសហការរបស់ NASA ហើយការធ្វើតេស្តនេះមានគោលដៅ ដាក់ប្រព័ន្ធខែលការពារនេះ ឲ្យតទល់នឹងសីតុណ្ហភាពដល់ទៅ ២០ភាគរយ ខ្លាំងជាងអ្វីដែលវានឹងត្រូវប្រឈមមុខ នៅក្នុងអំឡុងជ្រៀតចូលទៅក្នុងបរិយាកាសរបស់ភពអង្គារ (Mars)។
មន្ទីរពិសោធន៍ JPL បានឲ្យដឹងថា ខណៈដែលបញ្ហាស្នាមប្រេះនេះ គឺគ្មាននរណាបានរំពឹងទុកជាមុននោះ វាបង្ហាញឲ្យឃើញពីមូលហេតុថា ហេតុអ្វីដែលបានឧបករណ៍ការពារយានអវកាស ត្រូវតែឆ្លងកាត់ការធ្វើតេស្តជាមុន ដើម្បីអាចផ្តល់ឱកាសឲ្យមានការកែប្រែផ្នែករចនា ហើយការជួលជុលផ្សេងៗ អាចត្រូវអនុវត្តន៍នៅមុនពេលចាប់ផ្តើមបេសកកម្ម។ ជាមួយគ្នានេះ NASA បានឲ្យដឹងថា ខែលការពារបច្ចុប្បន្ននេះ នឹងត្រូវជួលជុលឡើងវិញ ដើម្បីគាំទ្រដល់ការធ្វើតេស្តនានា មុនពេលចេញបេសកកម្ម ហើយខែលការពារកម្តៅថ្មីសន្លាងមួយ ក៏ត្រូវបានផលិតឡើងវិញផងដែរ។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានរ៉ូវើឆ្នាំ២០២០ (Mars Rover 2020) នឹងធ្វើការវាយតម្លៃ ទៅលើសណ្ឋានភូមិសាស្រ្ត នៃទីតាំងចុះចតរបស់វា នៅលើភពអង្គារ ដែលទីតាំងនេះ មិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ និងកំណត់កម្រិតអាចឲ្យមនុស្សរស់នៅបាន នៃបរិស្ថានរបស់ Mars ក៏ដូចជារុករកសញ្ញា នៃជិវិតពីអតីតកាល ហើយស្ទាបស្ទង់មើលធនធានធម្មជាតិ ព្រមទាំងកត្តាគ្រោះថ្នាក់ផ្សេងៗ សម្រាប់បេសកកម្មធ្វើឡើងដោយមនុស្ស ដែលអាចកើតមាននៅលើភពក្រហមនេះ។
គួរជម្រាបថា បេសកកម្មយានរុករកថ្មីលើភពអង្គារនេះ ត្រូវបានគេគ្រោងនឹងបញ្ជូនឲ្យទៅដល់ភពក្រហមនេះ នៅដើមឆ្នាំ២០២១។ យានរ៉ូវើជំនាន់ថ្មីនេះ ដែលនឹងមានលក្ខណៈស្រដៀងទៅនឹងយានរ៉ូវើ Curiosity ដែលកំពុងធ្វើប្រតិបត្តិការនៅ Mars នឹងត្រូវបាញ់បង្ហោះនៅខែកក្កដា ឆ្នាំ២០២០ តាមរយៈគ្រាប់រ៉ុក្កែត Atlas V 541 ចេញពីមូលដ្ឋាន Space Launch Complex 41 នៅបន្ទាយទ័ពអាកាសអាមេរិក ក្នុងជ្រោយ Cape Canaveral នៃរដ្ឋផ្លូវរីដា៕