BREAKING NEWS: ប្រធានក្រុមថតរូបនៃទីភ្នាក់ងារ AFP «ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកផ្ទួនៗនៅទីក្រុងកាប៊ុល» ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ២១នាក់ និងរបួស២៧នាក់!
30-04-2018 13:17
(កាប៊ុល)៖ ករណីវាយប្រហារដោយផ្ទុះគ្រាប់បែកផ្ទួនៗគ្នា នៅឯរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតមនុស្សសរុប ២១នាក់ និងរបួស ២៧នាក់ផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NDTV នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ប្រធានផ្នែកថតរូបរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំទីក្រុងកាប៊ុល ឈ្មោះ ហ្សាហ៍ ម៉ារ៉ៃ (Shah Marai) បានបាត់បង់ជីវិតនាថ្ងៃចន្ទនេះ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលើកទីពីរ ដែលមានគោលដៅទៅលើក្រុមអ្នកកាសែតតែម្តង ដែលបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងវាយប្រហារ ដោយផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀត នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ដោយផ្ទាល់ពី AFP។
ករណីបំផ្ទុះគ្រាប់បែកលើកទីពីរនេះ បានកើតមានឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយករណីទីមួយ ហើយមានគោលដៅវាយប្រហារទៅលើក្រុមអ្នកសារព័ត៌មាន ដែលស្ថិតនៅកន្លែងកើតហេតុ។ ការផ្ទុះគ្រាប់បែកអត្តឃាតលើកទីមួយ ត្រូវបានធ្វើឡើងដោយជនដៃដល់ម្នាក់ ជិះនៅលើម៉ូតូមួយគ្រឿង ហើយបានបន្សល់ទុកឲ្យមនុស្សយ៉ាងតិច ០៤នាក់ស្លាប់ និង០៥នាក់របួស។
គួរបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវថា ជាទង្វើវាយប្រហាររបស់ខ្លួននៅឡើយទេ ប៉ុន្តែជារឿយៗសកម្មភាពវាយប្រហារបែបនេះ ច្រើនតែជាទង្វើបង្កឡើងដោយ ISIS និងតាលីបង់៕