(តែលអាវីវ)៖ ខណៈអំពើហិង្សានៅតែបន្តក្តៅគគុក រដ្ឋាភិបាលប្រទេសអ៊ីស្រាអែលបានប្រកាសថា កងទ័ពខ្លួនបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន០៣នាក់ទៀត ដែលបានឈាបជើងចូល ឬព្យាយាមចូលមកក្នុងទឹកដីរបស់អ៊ីស្រាអែលពីតំបន់ ហ្គាសាស្ទ្រីព (Gaza Strip)។ នេះបើតាមការដកស្រង់ និងចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
បើតាមការអះអាងរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ជនសង្ស័យប៉ាឡេស្ទីនពីរនាក់ បានប៉ុនប៉ងចូលមកក្នុងទឹកដីអ៊ីស្រអែល ពីភាគខាងត្បូងតំបន់ Gaza Strip និងបំផ្លិចបំផ្លាញរនាំងការពារសន្តិខុស ហើយកងកម្លាំង IDF ក៏បានសម្រេចិត្តបើកការបាញ់ប្រហារទៅលើពួកគេតែម្តង។ ជាលទ្ធផលជនសង្ស័យម្នាក់ក្នុងចំណោមនោះបានស្លាប់។ ក្រោយមកទៀត កងកម្លាំង IDF បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ០២នាក់ទៀត ដែលបានជ្រៀតចូលមកអ៊ីស្រាអែល ហើយគ្រវែងគ្រឿងផ្ទុះមកលើកងកម្លាំង IDF។
គួរជម្រាបថា នាពេលកន្លងទៅនេះ កងទ័ពអ៊ីស្រាអែលបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនជិត ៥០នាក់ហើយ នៅឯព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ Gaza Strip ដោយក្នុងនោះភាគច្រើន គឺជាអ្នកចូលរួមក្នុងការធ្វើសកម្មភាពប្រឆាំងតវ៉ាទ្រង់ទ្រាយធំៗ ដែលគេឲ្យឈ្មោះថា Great March of Return។ អ៊ីស្រាអែល បានបកស្រាយពីទង្វើរបស់ខ្លួនថា គឺជាភាពចាំបាច់ដើម្បីការពារព្រំដែន៕