(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានឱ្យដឹងថា លោកបានប្រាប់លោក គីម ជុងអ៊ុន ថា មេដឹកនាំកូរ៉េខាងជើងរូបនេះ គួរតែបង្ហាញពីឱ្យបានច្បាស់ពីការប្ដេជ្ញាចិត្ត ដើរលើផ្លូវមិនអាចផ្លាស់ប្ដូរ ក្នុងការបិទបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ លោក Pompeo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្រើពាក្យ មិនអាចផ្លាស់ប្ដូរបាន ជាមួយគោលបំណងដ៏អស្ចារ្យ... ហើយយើងកំពុងឆ្ពោះទៅរកផ្លូវដែលបង្ហាញថា ការរំសាយ អាវុធនុយក្លេអ៊ែរនឹងទទួលបានផល»។ ការអត្ថាធិប្បាយបែបនេះរបស់អតីតនាយក CIA ដែលទើបត្រូវបានព្រឹទ្ធសភាអាមេរិកទទួលស្គាល់ ជារដ្ឋមន្ត្រីការបរទេសថ្មីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបពិភាក្សាការងារ ជាមួយលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាងនាពេលថ្មីៗកន្លងទៅនេះមុនជំនួប មូន-គីម រៀបចំឡើង។
តែទោះជាយ៉ាងនេះក្ដី លោក Pompeo នៅតែមានការប្រុងប្រយ័ត្ន ក៏ដូចជាព្រមានផងដែរពីប្រវត្តិច្រំដែល ដែលកូរ៉េខាងជើងធ្លាប់ បានបោះបង់ចោលការសន្យារបស់ខ្លួន។ បើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំនួបជាមួយលោក គីម ជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅ០៣ ឬ០៤សប្ដាហ៍ខាងមុខទៀតនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ជំនួបនេះអាច នឹងប្រព្រឹត្តទៅនៅត្រឹមពាក់កណ្ដាលខែឧសភា ខាងមុខនេះ៕