(ប៉េកាំង)៖ ខណៈដែលខ្លួនកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើវិស័យអវកាស និងបច្ចេកវិទ្យា មហាយក្សចិនបានសម្រេចបន្តអភិវឌ្ឍន៍ចានផ្កាយរណបដ៏ធំជាងគេបង្អស់លើពិភពលោក ឲ្យកាន់តែមានអានុភាព និងទំនើបថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តចិន កំពុងធ្វើការដំឡើងប្រព័ន្ធទទួលរលកសញ្ញាមួយគ្រឿង រួមជាមួយនិងប្រព័ន្ធអង់តែនថ្មី ឲ្យចានផ្កាយរណបយក្សធំបំផុតរបស់ពិភពលោក មានឈ្មោះកាត់ហៅថា FAST ដើម្បីជួយឲ្យវាធ្វើប្រតិបត្តិការ ប្រកបដោយភាពត្រឹមត្រូវ និងជាក់លាក់ជាងមុន។ ចាប់តាំងតែពីវាបានកើតចាប់ផ្តើមដំណើរ កាលពីខែកញ្ញា ឆ្នាំ២០១៦មក ប្រព័ន្ធតេឡេស្កូបនេះ បានរកឃើញបេក្ខភាពដែលអាចជាផ្កាយ Pulsar ចំនួន ៥៥ដួងហើយ ដោយក្នុងនោះមាន ២០ដួង ត្រូវបានគេទទួលស្គាល់ថា គឺជាផ្កាយ Pulsar ពិតប្រាកដ។
ការតាមដានក៏ដូចជាឃ្លាំមើលតារា Pulsar គឺជាមានសារៈសំខាន់ជាខ្លាំង ដោយសារតែវាអាចប្រើប្រាស់ ដើម្បីបញ្ជាក់ពីវត្តមានរបស់រលកទំនាញ (Gravitaional Wave )ព្រមទាំងប្រហោងខ្មៅ និងជួយផ្តល់ចម្លើយសម្រាប់សំណួរធំៗដទៃទៀត នៅក្នុងផ្នែករូបវិទ្យា។ Pulsar គឺជាប្រភេទផ្កាយនឺត្រុង ឬ White Dwarf ដែលវិលក្នុងល្បឿនយ៉ាងលឿនខ្ញាល់ ហើយបញ្ចេញរលកវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចពីខ្លួនវា។
គួរជម្រាបថា FAST ដែលមានឈ្មោះពេញថា Five-hundred-meter Aperture Spherical Radio Telescope មានទំហំធំបែបនេះ ក៏ព្រោះតែវាផ្ទុកទៅដោយសមត្ថភាពដែលអាចទទួលយករលកសញ្ញាពីចម្ងាយឆ្ងាយៗមែនទែន ហើយទំហំរបស់វា គឺស្មើនឹងតារាងបាល់ ៣០រួមបញ្ចូលគ្នា។ មុខងារចម្បងរបស់វា រួមមានទាំងការឃ្លាំមើលផ្កាយ Pulsar ក៏ដូចជាការស្រាវជ្រាវរករលកសញ្ញា នៃទំនាក់ទំនងឆ្លងប្រព័ន្ធផ្កាយជាដើម៕