(អ៊ីស្លាម៉ាបាដ)៖ អាជ្ញាធរក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថានបានឲ្យដឹងនាព្រឹកថ្ងៃចន្ទនេះថា មន្រ្តីទូតអាមេរិកម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរថយន្តរបស់លោក បានជ្រុលទៅបុកម៉ូតូបណ្តាញឲ្យមនុស្សពីរនាក់ឲ្យរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ជនរងគ្រោះទាំងពីរ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺពុំរងការគំរាមកំហែងដល់អាយុជីវិតឡើយ។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន មន្រ្តីទូតអាមេរិកលោក ឆាដ រ៉ិច អូសប៊ឺន (Chad Rex Ausburn) កំពុងតែបើករថយន្តម៉ាក Toyota នៅលើដងផ្លូវក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ហើយស្រាប់តែរថយន្តរបស់លោក បានជ្រុលទៅបុកមនុស្សពីរនាក់ ដែលកំពុងធ្វើដំណើរដោយម៉ូតូ បណ្តាលឲ្យរងរបួសតែម្តង។
គួរជម្រាបថា លោក Chad Rex Ausburn ត្រូវបានប៉ូលិសប៉ាគីស្ថាន ឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍ប៉ូលិសមួយកន្លែង ហើយនឹងត្រូវដោះលែងវិញ ក្រោយពីក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់ឲ្យបានច្បាស់បន្ថែមពីតួនាទីរបស់មន្រ្តីទូតរូបនេះ។ ហេតុការណ៍ខាងលើ គឺជាលើកទីពីរហើយនៅក្នុងខែមេសា ដែលមន្រ្តីទូតអាមេរិក បានជាប់ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចណ៍ នៅទីក្រុងអ៊ីស្លាម៉ាបាដ៕