(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថា សភាប្រជាជនកូរ៉េខាងជើងបានអនុម័តក្រឹត្យ មួយស្ដីពីការប្ដូរម៉ោងក្នុងតំបន់របស់ខ្លួន ឱ្យដូចគ្នាជាមួយកូរ៉េខាងត្បូងជាថ្មីឡើងវិញ ដោយចាប់ផ្ដើមឡើងនៅថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ ដើម្បី ចូលរួមលើកកម្ពស់ការផ្សះផ្សា និងឯកភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ការសម្រេចចិត្តរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានលើកឡើងពីសំណើដ៏គួរឱ្យភ្ញាក់ផ្អើលជុំវិញការប្ដូរ ម៉ោងតំបន់ឱ្យត្រូវគ្នាជាមួយកូរ៉េខាងត្បូងវិញ នៅអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េជាមួយលោក មូន ជែអ៊ីន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សភាប្រជាជនកូរ៉េខាងជើងបានអះអាងថា ការសម្រេចចិត្តប្ដូរម៉ោងឱ្យត្រូវគ្នានឹងទីក្រុងសេអ៊ូល គឺជាការអនុវត្តដំណាក់កាលដំបូងសម្រាប់ការផ្សះផ្សា និងឯកភាពរវាងកូរ៉េទាំងពីរ... ហើយលើសពីនេះទៅទៀត លោក គីម ជុងអ៊ុន យល់ថា វាគឺជារឿងឈឺចាប់ដែលទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលមានម៉ោងខុសគ្នា ដូច្នេះលោកស្នើឱ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានម៉ោងដូចគ្នា មុននឹងធ្វើអ្វីមួយផ្សេងៗទៀត»។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងជើងបានសម្រេចិត្តប្ដូរម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទី ពោលគឺជាពីដំបូងឡើយ ម៉ោងរវាងប្រទេសទាំងពីរ គឺស្ថិតនៅក្នុងល្វែងម៉ោងដូចគ្នា (លើសម៉ោងសកលោក ៩ម៉ោង)។ ប៉ុន្តែដើម្បីលុបចេញនូវមរតកបន្សល់ទុកពីអាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) នៅលើឧបទ្វីបកូរ៉េ ទើបកូរ៉េខាងជើងកាលណោះ បានប្ដូរល្វែងម៉ោងយឺតជាងកូរ៉េខាងត្បូង ៣០នាទីវិញគឺ (លើសម៉ោងសកល ៨៖៣០នាទី) វិញ៕