(សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងដកចេញឧបករណ៍បំពងសំឡេង រិះគន់កូរ៉េខាងជើង ដែលត្រូវបានតម្លើងនៅឯតំបន់ព្រំដែនជាផ្នែកមួយ នៃការអនុវត្តតាមកិច្ចព្រមព្រៀង នៃជំនួបកំពូលអន្តរកូរ៉េកាលពីសប្ដាហ៍មុន។ នេះបើតាមយោធាកូរ៉េខាងត្បូងដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងទៀតថា ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង នឹងត្រូវដកចេញពីតំបន់ព្រំដែនគ្មានយោធា នៅថ្ងៃអង្គារសប្ដាហ៍នេះ។ កាលពីសុក្រសប្ដាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាថា នឹងបញ្ឈប់រាល់សកម្មភាពប្រឈមមុខដាក់គ្នាទៅវិញទៅមក លើគ្រប់វិស័យទាំងអស់។
លើសពីនេះទៅទៀត មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាដែរថា នឹងបញ្ឈប់រាល់សកម្មភាពអរិភាព ព្រមទាំងលុបចោលនូវមធ្យោបាយ រិះគន់គ្នាក្នុងនោះមានដូចជា ការដកឧបករណ៍បំពងសម្លេង និងការបង្ហោះខិតប័ណ្ណរិះគន់គ្នា នៅតាមតំបន់ខែ្សបន្ទាត់ព្រំដែនរវាងប្រទេសទំាងពីរជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រតិភូជាន់ខុ្ពស់កូរ៉េខាងជើង ដឹកនាំផ្ទាល់ដោយ លោក គីម ជុងអ៊ុន បានឆ្លងកាន់ព្រំដែនរួមកូរ៉េទាំងពីរ ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងជាលើកដំបូង និងប្រវត្តិសាស្ត្រ ហើយបងប្អូនកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នា ព្រមទាំងចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាជាច្រើន ដោយក្នុងនោះមានទាំងការសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរ, គំរោងបំពេញទស្សនកិច្ចរវាងមេដឹកនាំកូរ៉េទាំងពីរទៅវិញទៅមក បន្ថែមទៀត និងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េតែម្តង៕