(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះបាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ មុននឹងកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
យោងតាមក្រសួងការបរទេសចិន ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នឹងត្រូវចាប់ផ្ដើមធ្វើឡើងពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ «ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ»។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ប្រតិភូជាន់ខុ្ពស់កូរ៉េខាងជើង ដឹកនាំផ្ទាល់ដោយ លោក គីម ជុងអ៊ុន បានឆ្លងកាន់ព្រំដែនរួមកូរ៉េទាំងពីរ ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងជាលើកដំបូង និងប្រវត្តិសាស្ត្រ ហើយបងប្អូនកូរ៉េទាំងពីរបានធ្វើការពិភាក្សាគ្នា ព្រមទាំងចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាជាច្រើន ដោយក្នុងនោះមានទាំងការសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរ, គំរោងបំពេញទស្សនកិច្ចរវាងមេដឹកនាំកូរ៉េទាំងពីរទៅវិញទៅមក បន្ថែមទៀត និងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េតែម្តង៕