(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា តំបន់ថ្មប៉ប្រះទឹកដ៏ធំជាងគេរបស់អូស្ត្រាលី (Great Barrier Reef) នឹងទទួលបានមូលនិធិ ៣៧៩លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការស្ដារគុណភាពទឹកឡើងវិញ និងការពារផ្កាថ្មពីការបំផ្លិច បំផ្លាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ រដ្ឋមន្ត្រីថាមពលអូស្រ្ដាលី លោក Josh Frydenberg បានបញ្ជាក់ថា មូលនិធិ ៣៧៩លានដុល្លារនឹង ត្រូវបញ្ជូនដោយផ្ទាល់ទៅដល់ដៃក្រុមកសិករ ក្នុងគោលបំណងជួយកែប្រែសកម្មភាព និងការអនុវត្តរបស់ពួកគេ ជាពិសេសគឺដើម្បី ធានាឱ្យបានថា ផ្កាថ្មក្នុងបរិមាណដ៏ច្រើន មិនត្រូវរងការបំផ្លិចបំផ្លាញដោយអាស៊ីត នីដ្រូសែន និងសកម្មភាពបំផ្លិចបំផ្លាញផ្សេងទៀត។
គួរបញ្ជាក់ថា Great Barrier Reef ដែលអាចឱ្យគេមើលឃើញពីទីអវកាស គ្របដណ្ដប់លើផ្ទៃ ៣៤៨,០០០ គីឡូម៉ែត្រក្រឡានិងត្រូវ បានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិពិភពលោកកាលពីឆ្នាំ១៩៨១ ក្នុងនាមជាតំបន់ថ្មប៉ប្រះទឹកដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ នេះបើ តាមអង្គការ UNESCO៕